នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈកូល ដែលបច្ចុប្បន្នត្រូវបានប្រជាជនខ្លួន ដាក់រហស្សនាមឱ្យថាមេដឹកនាំរឡេះរឡក់ដូចទឹកកន្លះក្អម ទំនងកំពុងតែចង់សាងរូបភាពថ្មីមួយ ។

ជាមេដឹកនាំដែលមានចរិតច្បាស់លាស់និងម៉ត់ចត់ចំពោះកិច្ចការងារជាតិ ក្រោយទទួលរងពាក្យតិះទៀនខ្លាំងពីសាធារណជន ទើបរូបលោកបានចេញមកបញ្ជាក់ពីគោលជំហរយ៉ាងច្បាស់ស្ដីពីការកំណត់បន្ទាត់ក្រហមនៃភ្លើងសង្គ្រាមមីយ៉ាន់ម៉ា ដោយរដ្ឋាភិបាលថៃថ្មី ហាមផ្ដាច់មិនឱ្យសង្គ្រាមស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ា ពិសេសនៅតំបន់ច្រកព្រំដែនក្បែរស្រុកម៉ែសត ខេត្តតាក រីករាលដាលចូលក្នុងទឹកដីថៃនោះឡើយ។ នេះបើយោងតាមការផ្សាយដោយសារព័ត៌មានថៃKhaosod និង Matichon បានស្រង់សម្ដីរបស់លោក អនុទីន ឆានវីរៈកូល បានគូសបញ្ជាក់ពីគោលជំហរនយោបាយរបស់រដ្ឋាភិបាលខ្លួន។
យ៉ាងណាមិញការថ្លែងរបស់លោក អនុទីន នៅថ្ងៃទី ២២ ខែមេសា នេះ មិនមែនគ្រាន់តែការសម្ញែងសាច់ដុំនៃទំនុកចិត្តលើវិស័យការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបញ្ជូនសារនយោបាយចំៗទៅកាន់គ្រប់ភាគីជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងកងទ័ពរដ្ឋាភិបាល និងកងកម្លាំងក្រុមឧទ្ទាមផងដែរថា ថៃបានត្រៀមខ្លួនរួចជាស្រេចនូវផែនការឆ្លើយតបបន្ទាន់នៅគ្រប់ខេត្តជាប់ព្រំដែន ដើម្បីធានាថារាល់ការវាយប្រហារនៅត្រើយម្ខាង ទៀតនៃដងទន្ទេនឹងមិនត្រូវបានរំលោភបំពានលើបូរណភាពទឹកដីរបស់ថៃឡើយ។
ស្របពេលជាមួយនឹងការបញ្ចេញវិធានការកណ្ដាប់ដៃដែកផ្នែកសន្តិសុខ នាយកណ្ដុរ អនុទីន បានចាត់ទុកថា គ្រាប់បែកធ្លាក់ពីលើអាកាសដែលយោធាមីយ៉ាន់បានទម្លាក់ចូលដីថៃនោះ រាប់តែជាទង្វើអចេតនាដែលមិនមែនជាអំពើឈ្លានពាននោះទេ។ ប៉ុន្តែអនុទីនបានចាត់ទុកការហូរចូលនៃជនភៀសខ្លួនដែលចង់គេចចេញពីគ្រាប់កាំភ្លើង គឺជាបន្ទុកដ៏ធ្ងន់ដែលថៃកំពុងរ៉ាប់រង។ នាយ អនុទីន បានសង្កត់ធ្ងន់ថា ការជួយសង្គ្រោះជនភៀសខ្លួនគឺជាកាតព្វកិច្ចផ្អែកលើគោលការណ៍មនុស្សធម៌អន្តរជាតិ។ ទោះជាយ៉ាងណា លោកក៏បានដាស់តឿនដល់សហគមន៍អន្តរជាតិដូចគ្នាថា ថៃមិនអាចរ៉ាប់រងរឿងនេះតែម្នាក់ឯងបានឡើយព្រោះកញ្ចប់ថវិកាមានកំណត់។
ភាគីថៃជឿជាក់ថា ភាគីមីយ៉ាន់ម៉ានឹងគោរពអធិបតេយ្យភាពថៃ ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ យ៉ាងណាមិញ សម្ដីរបស់នាយកណ្ដុរអនុទីននិយាយបែបនេះ នោះគ្រាន់តែជាល្បែងការទូតដ៏វៃឆ្លាតមួយដើម្បីដាក់សម្ពាធឱ្យភាគីជម្លោះត្រូវតែប្រុងប្រយ័ត្ន។ ហើយភាគីថៃកំពុងប្រាប់ពិភពលោកវិញថា ខ្លួនក៏ជាជនរងគ្រោះដោយសារជម្លោះព្រំដែន ហើយខ្លួនចង់បានសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនវិញដូចគ្នា ដូច្នោះរាល់អស្ថិរភាពនៅមីយ៉ាន់ម៉ា វាតែងតែជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច និងសន្តិសុខសង្គមរបស់ថៃដោយផ្ទាល់តែម្ដង៕

