ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចឆក់ទូរស័ព្ទ និងកាបូបយ៉ាងសកម្មក្នុងភូមិសាស្ត្រខណ្ឌមានជ័យ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧៖២៥នាទី។


ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញចុះឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិសុបិន្ដ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ ហៀង ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ និងកាបូប) ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ៧៣BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1MG-7104។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ÷កណ្តាល

Share.