ស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា បានចុះឆែកឆេរទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសអនឡាញ ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។




ប្រតិបត្តិការនេះ ធ្វើឡើងក្រោយពីទទួលព័ត៌មានពីម្ចាស់ផ្ទះជួលឈ្មោះ ផូ ដេ ថាមានការសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសអនឡាញ។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា ដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាបដោយសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។




ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញសម្ភារប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន និងឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ សុទ្ធតែជាបុរស ជនជាតិវៀតណាម។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ÷ កណ្តាល
