ភ្នំពេញ៖ ការប្រើប្រាស់កម្មវិធីចែករំលែកទីតាំងផ្ទាល់ខ្លួន (Real-Time Location Sharing) ដែលមានមុខងារតាមដានទីតាំងសម្រាប់ណាត់ជួប ឬសុវត្ថិភាពគ្រួសារ និងមិត្តភក្តិ កំពុងមានការពេញនិយមខ្លាំង ជាពិសេសក្នុងចំណោមយុវវ័យ។ ទោះជាយ៉ាងណា អាជ្ញាធរបានព្រមានថា ការប្រើប្រាស់ដោយខ្វះការប្រុងប្រយ័ត្ន អាចនាំឱ្យកើតហានិភ័យធ្ងន់ធ្ងរ។

ហានិភ័យសំខាន់ៗរួមមាន៖
១. បាត់បង់ឯកជនភាព៖ ការបើកទីតាំងបន្តផ្ទាល់ អាចឱ្យអ្នកដទៃដឹងពីទីកន្លែង និងចលនារបស់អ្នកគ្រប់ពេលវេលា ដែលអាចត្រូវជនខិលខូចយកទៅប្រើប្រាស់ក្នុងគោលបំណងអាក្រក់។
២. ហានិភ័យចោរកម្ម៖ ការបង្ហាញថាអ្នកកំពុងនៅឆ្ងាយពីផ្ទះ អាចផ្តល់ឱកាសដល់ជនល្មើសចូលលួចទ្រព្យសម្បត្តិ។
៣. លេចធ្លាយទិន្នន័យ៖ កម្មវិធីមួយចំនួនអាចប្រមូលព័ត៌មានផ្ទាល់ខ្លួន ដូចជា ឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទ ដើម្បីលក់បន្ត ឬអាចរងការវាយប្រហារពី Hacker។

ដើម្បីបង្ការហានិភ័យទាំងនេះ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានណែនាំឱ្យប្រជាពលរដ្ឋកុំចែករំលែកទីតាំងតាមរយៈ QR Code ឬ ID គណនីទៅកាន់ជនមិនស្គាល់ ឬបង្ហោះលើបណ្តាញសង្គម ហើយគួរប្រើប្រាស់តែជាមួយសមាជិកគ្រួសារ និងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ។
អាជ្ញាធរអំពាវនាវឱ្យប្រើប្រាស់បច្ចេកវិទ្យាដោយមានការទទួលខុសត្រូវខ្ពស់ ដើម្បីជៀសវាងការប្រឈមហានិភ័យដោយមិនដឹងខ្លួន៕
