បាត់ដំបង ៖ មន្ត្រីជំនាញ ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ២២ ខែមេសា ឆ្នាំ២០២៦ បានចុះពិនិត្យនិង រកឃើញថាក្រុមហ៊ុន បៃ ស៊ីង សេង (ខេមបូឌា) អ៊ុនដាសស្ត្រី ឯ.ក បានបញ្ចេញសំណល់រាវ បង្កឱ្យមានការបំពុលទឹក ងាប់ត្រី និងបំពុលបរិស្ថាននៅក្នុងអូរត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។




បន្ទាប់ពីមានត្រីងាប់ច្រើន ក្នុងអូរត្រែង ក្រុមការងារក្រសួងបរិស្ថានបានបន្តចុះពិនិត្យ ជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង និងរដ្ឋបាលស្រុករតនៈមណ្ឌល បានរកឃើញថា រោងចក្រផលិតដំណាប់ស្វាយ ខាងលើ ដែលមានទីតាំងស្ថិតនៅជាប់នឹងដងអូរត្រែង និងស្ថិតនៅចំណុចខ្សែទឹកខាងលើទីតាំង ដែលមានត្រីងាប់ ចម្ងាយប្រមាណ២គីឡូម៉ែត្រ បានបញ្ចេញសំណល់រាវ មិនបានធ្វើប្រព្រឹត្តកម្មត្រឹមត្រូវដោយបានបង្ហូរតាមប្រព័ន្ធលូចេញពីទីតាំងផលិតកម្ម ចូលទៅក្នុងអូរត្រែងដោយផ្ទាល់ ។




ក្នុងការងារចុះពិនិត្យស្រាវជ្រាវ ក្រសួងបរិស្ថានតម្រូវឱ្យរោងចក្រ ៖
១ ផ្អាកដំណើរការផលិតកម្មរោងចក្រ រហូតដល់អាងប្រព្រឹត្តិកម្មសំណល់រាវបានសាងសង់រួចរាល់ និងដំណើរការអនុលោមតាមបទដ្ឋានបរិស្ថាន ។ ២ ត្រូវធ្វើការបិទលូបង្ហូសំណល់រាវ និងទឹកភ្លៀងទាំងអស់ មិនឲ្យមានការបញ្ចេញពីទីតាំងរោចក្រចូលទៅក្នុងអូរត្រែង ។ ៣ ត្រូវទទួលរងពិន័យអន្តរការណ៍ករណីមិនរាងចាល និងត្រូវផ្តល់សំណងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្តែងរបស់មន្ត្រីជំនាញ ។




ក្រសួងបតិស្ថានបានបញ្ជាក់ហើយថា ក្នុងករណីមិនគោរពតាមគោលការខាងលើ ឬប្រព្រឹត្តកំហុសម្តងទៀត ក្រសួងបរិស្ថាននឹងបិទរោងចក្រជាស្ថាពរ ៕
អត្ថបទ៖ តាតុងសែនជ័យ

