នគររាជសីមា៖ មិនទាន់ផុតមតិរិះគន់រឿងលោកសង្ឃ លេងបាញ់ទឹក បាតម្សៅក្នុងកម្មវិធីចូលឆ្នាំថ្មីផង ស្រាប់តែនៅថៃ លេចចេញករណីថ្មី អាជ្ញាធរខេត្តនគររាជសីមា បើកប្រតិបត្តិការតាមប្រមាញ់ចាប់បានសង្ឃមួយក្រុម សម្ងំផឹកស្រា និងហិតកាវ។
ក្រោយមានគេថតបាននិងយកវីដេអូមកផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយឃើញមាន មនុស្សមួយក្រុម ស្លៀកស្បង់ជីវរ ដូចព្រះសង្ឃ ហើយត្រូវបានគេចោទប្រកាន់ថា បានអង្គុយផឹកគ្រឿងស្រវឹង និងហិតកាវ នៅក្រោមដើមពោធិ៍មួយកន្លែង។

ជុំវិញករណីនេះ មន្ត្រីនគរបាល រួមជាមួយមន្ត្រីជំនាញផ្នែកសាសនា និងមន្ត្រីសង្ឃក្នុងតំបន់ បានចុះពិនិត្យទីតាំងកើតហេតុដែលស្ថិតនៅខាងក្រោយរដ្ឋបាលខេត្តនគររាជសីមាភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្តឹង និងការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណជន។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនោះ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនរួមមាន៖ ដបស្រា និងកំប៉ុងកាវជាច្រើន រួមទាំងសម្ភារៈសម្រាប់ធ្វើម្ហូប និងសម្លៀកបំពាក់ផងដែរ។ សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងនោះស្ថិតនៅក្រោមដើមពោធិ៍ដ៏ធំមួយ ដែលអាចបិទបាំង និងមានប្រហោងដូចរូងភ្នំ បង្កលក្ខណៈងាយស្រួលដល់ក្រុមទាំងនោះសម្ងំធ្វើសកម្មភាពមិនសមរម្យផ្សេង។

បច្ចុប្បន្ន អាជ្ញាធរបានប្រកាសអាសន្នដល់គ្រប់ប៉ុស្តិ៍រដ្ឋបាល និងតាមវត្តអារាមនានា ឱ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានមុខសញ្ញាក្រុមជនទាំងនេះ។ ទន្ទឹមនឹងនេះ កម្លាំងល្បាតត្រូវបានពង្រាយបន្ថែមដើម្បីសម្អាតតំបន់អនាធិបតេយ្យ និងការពារដាច់ខាតមិនឱ្យមានជនឆ្លៀតឱកាសណាម្នាក់ មកបំផ្លាញសេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនា និងសណ្តាប់ធ្នាប់សង្គមបន្តទៀតឡើយ។

