ភ្នំពេញ៖ បុរសម្នាក់ដែលកាន់វិទ្យុទាក់ទង ក្នុងចំណោមបក្ខពួក២នាក់ស្លៀកស៊ីវិលធ្វើសកម្មភាពដើរថតផ្លាកលេខម៉ូតូប្រជាពលរដ្ឋគ្មានមូលហេតុ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២២ៈ០០នាទី នៅចំណុចផ្លូវតាកន ស្ថិតនៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ២០២៦ នាំយកមកសួរនាំ និងដកហូតវិទ្យុទាក់ទង ១គ្រឿង យកមករក្សាទុក។



សមត្ថកិច្ចបានធ្វើការអប់រំធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពដើរថតផ្លាកលេខម៉ូតូប្រជាពលរដ្ឋចាប់ពីពេលនេះតទៅ ដែលសកម្មភាពបែបនេះ បង្កឲ្យប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ និងប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
បុរសនេះឈ្មោះ ហេង ទន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកបក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងបន្តស្វែងរកដើម្បីនាំយកមកអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៕
អត្ថបទ៖ សេង សាវី

