រាជធានីភ្នំពេញ៖ កម្ពុជា និងចិន បានបើកកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំងពីរ ដើម្បីរឹតចំណងមិត្តភាពឱ្យកាន់តែស្អិតរមួត និងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកម្រិតខ្ពស់។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ក្រសួងការពារជាតិកម្ពុជាបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា វត្តមានរបស់ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និង ឯកឧត្តម នាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការ៖
- ជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់៖ បន្តធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមិត្តដែកថែប។
- កសាងសហគមន៍ជោគវាសនារួម៖ ប្តេជ្ញាខិតខំកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យមាននិរន្តរភាព។
- ប្រកាន់ខ្ជាប់គោលការណ៍ចិនមួយ៖ កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
អ្វីដែលជាចំណុចលេចធ្លោក្នុងកិច្ចប្រជុំនេះ គឺភាគីមិត្តចិនបានបង្ហាញជំហរយ៉ាងច្បាស់ក្នុងការ គាំទ្រដល់វិស័យយោធាកម្ពុជា ជាពិសេសលើការងារធ្វើទំនើបកម្មយោធា។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តោតសំខាន់លើការបង្កើនសមត្ថភាពខឿនការពារជាតិទាំង ៣ វិស័យ រួមមាន៖ ដែនទឹក ដែនគោក និងដែនអាកាស ដើម្បីធានាបាននូវសន្តិសុខ និងអធិបតេយ្យភាពជាតិឱ្យកាន់តែរឹងមាំ។
កិច្ចសន្ទនា «២+២» នេះ គឺជាសក្ខីភាពថ្មីមួយទៀតដែលសបញ្ជាក់ពីការជឿទុកចិត្តគ្នាខ្ពស់បំផុត និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក រវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន៕



អត្ថបទ៖ត្រយង
