ផ្ដើមចេញពីការទទួលស្គាល់ការពិត និងយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយ កម្ពុជាបានបោះជំហានមួយយ៉ាងធំចេញពីវិធានការបញ្ឈប់អាជ្ញាបណ្ណល្បែងស៊ីសងអនឡាញ ទៅកាន់ច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានដោយជោគជ័យ បើទោះបីរងការរិះគន់ថាគ្រាន់តែជាការធ្វើឲ្យល្អមើល និងត្រូវរងការរំខានដោយការឈ្លានពាននៅតាមព្រំដែនក៏ដោយ។ ឈានចេញពី វិធានការរដ្ឋបាល ទៅជា យន្តការច្បាប់ ៖ តើការបោះមួយជំហាននេះ អាចបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពិតប្រាកដដែរទេ?

កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ កងទ័ពភូមិភាគទី២ របស់ថៃ បានប្រកាសជាសាធារណៈថា ប្រតិបត្តិការយោធារបស់ខ្លួននៅតាមព្រំដែន ជាពិសេសការទម្លាក់គ្រាប់បែកនៅតំបន់មួយចំនួន គឺជា “សង្គ្រាមប្រឆាំងក្រុមឆបោក”។ ភាគីកម្ពុជាបានទាត់ចោលការលើកឡើងដោយមិនចេះខ្មាសអៀននេះ និងបានបញ្ជាក់ថា ការប្រើប្រាស់កម្លាំងយោធាវាយប្រហារលើទឹកដីកម្ពុជាក្រោមលេសបង្ក្រាបបទល្មើសបច្ចេកវិទ្យា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ អធិបតេយ្យភាព និងបូរណភាពទឹកដី

កម្ពុជាទាមទារឱ្យថៃដោះស្រាយបញ្ហាបទល្មើសបច្ចេកវិទ្យាតាមផ្លូវច្បាប់ មិនមែនតាមកម្លាំងយោធានោះទេ។

នៅក្នុងសន្និសីទសារព័ត៌មានពន្យល់ពី «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា ការវាយប្រហារឈ្លានពានយ៉ាងកម្រោលរបស់កម្លាំងយោធាថៃ បានរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ប៉ុន្តែបន្ទាប់ពីភាគីថៃងាកទៅរកបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាបានបន្តផ្ដោតការយកចិត្តទុកដាក់លើការបង្ក្រាបបទល្មើស Online Scam ឡើងវិញ ដោយទទួលបានលទ្ធផលជា ផ្លែផ្កា គួរឱ្យកត់សម្គាល់។

ដូច្នេះសបញ្ជាក់ឱ្យឃើញថា កិច្ចសហប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ និងការប្រើប្រាស់យន្តការច្បាប់ គឺពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។

ដើម្បីធានាប្រសិទ្ធភាពនៃវិធានការប្រឆាំងអំពើបោកប្រាសតាមប្រព័ន្ធ Online និងទប់ស្កាត់មិនឱ្យអំពើនោះវិលត្រឡប់មកវិញ គឺទាមទារឱ្យមានលិខិតបទដ្ឋានគតិយុត្តិដ៏រឹងមាំមួយគឺ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីកំណត់បទល្មើស និងទណ្ឌកម្មឱ្យសមស្របតាមបច្ចុប្បន្នភាព។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ដោយមើលឃើញពី ភាពចាំបាច់ នៃការបង្កើតឱ្យមានច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះហើយ បានជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ មានក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាទិ៍ រៀបចំសេចក្ដីព្រាងច្បាប់នេះឡើងនៅអំឡុងសប្ដាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៦។ បន្ទាប់ពីពិនិត្យ និង អនុម័ត ដោយព្រឹទ្ធសភារួចរាល់ ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តនាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ និង ប្រកាសឱ្យប្រើប្រាស់ ជាផ្លូវការដោយព្រះមហាក្សត្រ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

មាន ៥ជំពូក និង ២៤មាត្រា ច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កើតចេញពីការតាំងចិត្តយ៉ាងមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ការសិក្សាស្រាវជ្រាវ និងបទពិសោធន៍ដែលបានមកពីយុទ្ធនាការបង្ក្រាបបទល្មើសជាច្រើនករណីកន្លងមក ដែលអាចចាត់ទុកជាមូលដ្ឋានគ្រឹះរឹងមាំក្នុងការធានាប្រសិទ្ធភាពក្នុងការអនុវត្ត។ នេះបើយោងតាមអ្នកជំនាញច្បាប់បានលើកឡើង។

តើកម្ពុជាចាប់ផ្ដើមយុទ្ធនាការប្រយុទ្ធប្រឆាំងការបោកប្រាសតាមប្រព័ន្ធបច្ចេកវិទ្យាតាំងពីពេលណា?

តាមពិតទៅ យុទ្ធនាការនេះចាប់ផ្ដើមតាំងពីដើមអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៦ មកម្ល៉េះ។

ក្នុងអំឡុងរាជរដ្ឋាភិបាលអាណត្តិទី៦ ចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ កម្ពុជាបានឈានដល់របត់ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានគេស្គាល់ជាទូទៅថា Online Scam។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដំបូងគេ ដែលបានបើកផ្លូវនាំទៅដល់ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ គឺការដាក់ចេញសារាចរណែនាំលេខ ០៧ សរណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនាពេលនោះ ដែលបានសម្រេចបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណល្បែងស៊ីសងអនឡាញទាំងស្រុង។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃបានបង្ហាញថា គិតតែក្នុងឆ្នាំ២០១៩ អាជ្ញាធរកម្ពុជាបានបង្ក្រាប និងធ្វើបត្យាប័នជនសង្ស័យដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធទូរស័ព្ទ និងអនឡាញជាង ៩០០នាក់ ទៅកាន់ប្រទេសដើម (ចិន) វិញ។

កំណត់សម្គាល់មួយទៀតនោះគឺ ស្ថានភាពនៃការឆបោកបានវិវត្តកាន់តែស្មុគស្មាញក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលនាំឱ្យរាជរដ្ឋាភិបាលបង្កើនសាច់ដុំដៃក្នុងយុទ្ធនាការរបស់ខ្លួនកាន់តែធំនៅពាក់កណ្ដាលឆ្នាំ២០២២។ បើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ និងអគ្គស្នងការដ្ឋាននគរបាលជាតិកាលនោះ ប្រតិបត្តិការដ៏ស្រួចស្រាល់បំផុតបានធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីមានបទបញ្ជាម៉ឺងម៉ាត់ឱ្យបិទទីតាំងល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេស។ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ដំបូងនៃយុទ្ធនាការដែលចាប់ផ្ដើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានចុះឆែកឆេរទីតាំងសង្ស័យសរុបជាង ៨,៩០០កន្លែង និងឃាត់ខ្លួនមនុស្សចំនួនជាង ១៣,៣០០នាក់ ដើម្បីយកមកធ្វើការអប់រំ និងចាត់វិធានការតាមច្បាប់។

ដោយឡែក ចំពោះការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញខ្នាតធំនៅក្រុងព្រះសីហនុ ក្នុងចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការឆែកឆេរទីតាំងក្រុមហ៊ុនចំនួន ១០ ដែលមានការសង្ស័យថាជាជម្រកនៃក្រុមឧក្រិដ្ឋជនបោកប្រាស ដោយក្នុងនោះបានរកឃើញមនុស្សជិត ៥០០នាក់ ចម្រុះជាតិសាសន៍។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស ដែលចុះផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឱ្យដឹងថា ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ អាជ្ញាធរបានទទួលពាក្យបណ្ដឹងតាមរយៈខ្សែទូរស័ព្ទបន្ទាន់ Hotline ចំនួន ៧០៧ករណី ដែលនាំទៅដល់ការសង្គ្រោះជនរងគ្រោះជិត ១,០០០នាក់ និងការឃាត់ខ្លួនមេខ្លោងសរុបចំនួន ១២០នាក់ បញ្ជូនទៅកាន់តុលាការ។

ក្រៅពីវិធានការក្នុងស្រុក រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ក៏បានពង្រឹងកិច្ចសហការអន្តរជាតិយ៉ាងជិតស្និទ្ធ ជាពិសេសជាមួយអាជ្ញាធរចិន ដើម្បីតាមដាន និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដែលប្រើប្រាស់បច្ចេកវិទ្យា VOIP និង រូបិយប័ណ្ណឌីជីថល ជាឧបករណ៍សម្រាប់បោកបញ្ឆោត។ លទ្ធផលនៃយុទ្ធនាការជារួមនាពេលនោះ មិនត្រឹមតែបានលុបបំបាត់ទីតាំងឆបោក និងល្បែងអនឡាញរាប់ពាន់កន្លែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាមូលដ្ឋានគ្រឹះ និងជាមេរៀនដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលអាណត្តិបន្តបន្ទាប់ ក្នុងការបង្កើតយន្តការថ្មីៗ ដូចជាគណៈកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពឌីជីថលជូនប្រជាពលរដ្ឋ និងវិនិយោគិន។

នាអំឡុងពេលនោះ កម្ពុជាបានពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងស្អិតរមួតដើម្បីបង្ក្រាបបទល្មើសអនឡាញ ដោយក្នុងនោះដៃគូយុទ្ធសាស្ត្រចម្បងគឺប្រទេសចិន តាមរយៈការបង្កើតការិយាល័យសម្របសម្រួលអនុវត្តច្បាប់រួមគ្នា និងការធ្វើបត្យាប័នជនសង្ស័យរាប់រយនាក់ជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ កម្ពុជាក៏បានសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសថៃ វៀតណាម និងឥណ្ឌូណេស៊ី ក្នុងការចុះបង្ក្រាបទីតាំងឆបោកតាមព្រំដែន និងសង្គ្រោះជនរងគ្រោះដែលចាញ់បោកមេខ្យល់ ព្រមទាំងបានសហការជាមួយប៉ូលីសអាំងទែរប៉ូល (Interpol) និងភ្នាក់ងារជំនាញរបស់សហរដ្ឋអាមេរិក (FBI) និងអូស្ត្រាលី (AFP) ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងវគ្គបណ្ដុះបណ្ដាល ស្ដីពីការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា និងការលាងលុយកខ្វក់ឆ្លងដែនផងដែរ។

ការប្រយុទ្ធប្រឆាំងនឹងអំពើបោកប្រាសតាមប្រព័ន្ធបច្ចេកវិទ្យា ហាក់ធូររលុងបន្តិចនៅចុងឆ្នាំ២០២៣ ប៉ុន្តែចូលដល់ពាក់កណ្ដាលឆ្នាំ២០២៤ សារនយោបាយខ្លាំងៗ និងបទបញ្ជាដាច់ណាត់ពាក់ព័ន្ធនឹងបញ្ហានេះ ក៏កម្រើកឡើងវិញ។ ឆ្លើយតបនឹងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញនៅតាមបណ្តារាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា។ គណៈកម្មការមានភារកិច្ចមួយចំនួនដូចជា បង្កើនការស្រាវជ្រាវទីតាំងដែលមានបទល្មើសឆបោកតាមអនឡាញគ្រប់ប្រភេទនៅតាមភូមិសាស្ត្ររាជធានី-ខេត្ត ហើយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តត្រូវចុះបង្ក្រាបជាក់ស្តែងតាមគោលដៅដែលបានរកឃើញ និងកំណត់ដោយប្រធានគណៈកម្មការ។

សារនយោបាយគួរឱ្យកត់សម្គាល់មួយ ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងកាលពីខែធ្នូ ឆ្នាំ២០២៤ ដោយបានចាត់ទុកបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាសកល និងណែនាំសមត្ថកិច្ចត្រូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេះ។

ដូច្នេះកម្ពុជាបានចាត់ទុកសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាបញ្ហាប្រឈមអាទិភាពក្នុងការប្រយុទ្ធប្រឆាំងជាដាច់ខាត ព្រោះវាមិនត្រឹមតែ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ជាមួយគ្នានេះវាកំពុងគំរាមកំហែងដល់សន្តិសុខ សណ្ដាប់ធ្នាប់ពិភពលោក និងក្នុងតំបន់ផងដែរ។ ប៉ុន្តែយន្តការដែលមានស្រាប់ក្រោមក្របខណ្ឌក្រសួងមហាផ្ទៃ ហាក់បីដូចជាដើរយឺតយ៉ាវ ធ្វើម្ដេចតាមទាន់បទល្មើសដែលវិវត្តលឿនដូចព្យុះនោះ។ ទំនងជាមើលឃើញដូច្នេះហើយ បានជានៅខែកុម្ភៈ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើង ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីផ្ទាល់ ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ដើម្បីជំរុញអាជ្ញាធរថ្នាក់ក្រោមជាតិសហការឱ្យបានជិតស្និទ្ធ និងសកម្មជាមួយគណៈកម្មការចំពោះកិច្ច នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺ ៥ខែក្រោយមក ប្រមុខរាជរដ្ឋាភិបាលដាក់ចេញបទបញ្ជាដល់គណៈអភិបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

ជាលទ្ធផល នៅក្នុងឆ្នាំ២០២៤ មានជនបរទេសសរុបចំនួនជិត ៣ពាន់នាក់ (២,៩៨២នាក់) ត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីកម្ពុជា។ នៅឆ្នាំ២០២៥ (ត្រឹមខែវិច្ឆិកា) សមត្ថកិច្ចបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ២៤លើក។ ក្នុងនោះតាមការស្រាវជ្រាវស៊ើបអង្កេតដោយផ្ទាល់ចំនួន ១៣លើក និងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចបរទេសចំនួន ១១លើក ដោយឃាត់ខ្លួនជនបរទេសសរុបចំនួន ១,៨៥៩នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១១ករណី ហើយបានឃាត់ខ្លួនជនសង្ស័យជាមេខ្លោង និងមុខសញ្ញាដែលងាយនឹងប្រព្រឹត្តបទល្មើសម្តងទៀតសរុបចំនួន ១៤៨នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដើមអម្ពិល ដោយយោងលើអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ការប្ដេជ្ញាចិត្តចុងក្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា

បើទោះបីជាកម្ពុជារងការវាយប្រហារឈ្លានពានយ៉ាងកម្រោលពីសំណាក់កងកម្លាំងឧទ្ទាមថៃនៅតាមព្រំដែន និងការចុះផ្សាយលាបពណ៌យ៉ាងអយុត្តិធម៌ពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបង្កប់ដោយនិន្នាការមួយចំនួនក៏ដោយ ក៏កម្ពុជានៅតែប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) យ៉ាងមុះមុត។ ការអះអាងនេះ ធ្វើឡើងជារឿយៗដោយអាជ្ញាធរកម្ពុជា។

ជាក់ស្ដែងកម្ពុជាបានបោះជំហានមួយយ៉ាងវែង គឺការបង្កើតឱ្យមាន «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលជាលិខិតបទដ្ឋានគតិយុត្តិដ៏ច្បាស់លាស់ និងរឹងមាំក្នុងការ អនុវត្ត ការងារប្រកបដោយប្រសិទ្ធភាព។ នៅមុន ប្រកាស ឱ្យប្រើប្រាស់ច្បាប់នេះបន្តិច អាជ្ញាធរកម្ពុជាបានប្ដេជ្ញាថា នឹងបោសសម្អាត Online Scam ឱ្យនៅតិចបំផុតនៅត្រឹមខែមេសា ឆ្នាំ២០២៦។

ក្នុងពេលដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា៖ “យុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Scam Online មិនមែនជាសកម្មភាពដែលធ្វើឱ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចមតិមួយចំនួនបានលើកឡើងនោះឡើយ ប៉ុន្តែនេះគឺជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាត ពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។ ដូច្នេះរាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត”

គិតចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥ (ខែកក្កដា) ដល់ត្រីមាសដំបូងនៃឆ្នាំ២០២៦ សមត្ថកិច្ចជំនាញបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ២៥០ករណី/ទីតាំង ដោយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការប្រមាណជា ៩៣សំណុំរឿង ហើយឃុំខ្លួនក្រោយត្រូវបានចោទប្រកាន់មានជាង ៨០០នាក់ និងជិត ៧០០នាក់ទៀតបានចេញដីកាតាមចាប់ខ្លួន។ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) អះអាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានពន្យល់ពី «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ យោងតាម អង្គភាពអ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី៣-២០ ខែមេសា ប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam បានធ្វើឡើងនៅ ២៣កន្លែងទៀត ដោយបានឃាត់ខ្លួនមនុស្ស ១,៩៥៧នាក់ មាន ១៨សញ្ជាតិ៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.