រាជធានីភ្នំពេញ៖ ក្នុងស្មារតីពង្រឹងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មី កម្ពុជា និងចិន បានសម្រេចជោគជ័យក្នុងការរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» លើកទី១ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានឥស្សរជនជាន់ខ្ពស់ផ្នែកការទូត និងការពារជាតិនៃប្រទេសទាំងពីរ។
កិច្ចប្រជុំជាប្រវត្តិសាស្ត្រនេះ ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងឱ្យភាគីកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីការបរទេស និង ឯកឧត្តម នាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងឱ្យភាគីចិន។
ចំណុចគន្លឹះសំខាន់ៗនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ៖
- ការធ្វើទំនើបកម្មវិស័យយោធា៖ ភាគីមិត្តចិនបានប្រកាសជំហរយ៉ាងច្បាស់ក្នុងការគាំទ្រដល់ការលើកកម្ពស់សមត្ថភាពយោធាកម្ពុជា តាមរយៈការធ្វើទំនើបកម្ម ដើម្បីពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ ទាំងលើផ្ទៃដី ផ្ទៃទឹក និងដែនអាកាស។
- ការពង្រីកយន្តការទៅជា «៣+៣»៖ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសន្តិសុខកាន់តែមានប្រសិទ្ធភាព ភាគីទាំងពីរបានឯកភាពដំឡើងកម្រិតកិច្ចសន្ទនាទៅជា «៣+៣» នៅពេលអនាគត ដោយនឹងបន្ថែមការចូលរួមពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន។
- កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងវិស័យថ្មីៗ៖ ក្រៅពីវិស័យប្រពៃណី ប្រទេសទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចពណ៌ខៀវ ការអភិវឌ្ឍបៃតង និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យមានភាពធន់។
- ជំហរនយោបាយមិនងាករេ៖ កម្ពុជាបានបញ្ជាក់សារជាថ្មីនូវការប្រកាន់ខ្ជាប់ឥតងាករេនូវ «គោលការណ៍ចិនមួយ» និងការគាំទ្រគំនិតផ្តួចផ្តើមសកលនានារបស់ចិន ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។

មិត្តភាពគ្រប់រដូវកាល និងជោគវាសនារួម៖ ក្រសួងការពារជាតិ និងក្រសួងការបរទេសកម្ពុជា បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចសន្ទនានេះនឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការរឹតចំណងមិត្តភាពដែកថែបឱ្យកាន់តែស៊ីជម្រៅ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។
កិច្ចសន្ទនា «២+២» លើកទី១ នេះ មិនត្រឹមតែជាជោគជ័យនៃការទូតទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពសបញ្ជាក់ពីឆន្ទៈរួមក្នុងការកសាងតំបន់មួយដែលមានសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕


អត្ថបទ៖ត្រយង
