សារព័ត៌មានថៃបានផ្សាយនាពេលថ្មីៗនេះថា អាជ្ញាធរសុខាភិបាលនៅក្នុងប្រទេសថៃ បានចេញសេចក្តីព្រមានអាសន្ន បន្ទាប់ពីមេរោគដែលបង្កឡើងដោយបាក់តេរីក្នុងដី និងទឹក ដែលគេស្គាល់ថា «ជំងឺមេលីអុីដូស៊ីស» (Melioidosis) ឬ «ជំងឺគ្រុនភក់» បាននឹងកំពុងវាយលុកយ៉ាងខ្លាំង។
យោងតាមរបាយការណ៍ចុងក្រោយ បច្ចុប្បន្នមានអ្នកឆ្លងជំងឺនេះកើនឡើងដល់ ៧៣២ ករណី និងបានឆក់យកជីវិតមនុស្សអស់ចំនួន ២៣ នាក់ រួចមកហើយ។
លោកវេជ្ជបណ្ឌិតមន្ទីរពេទ្យ Maharaj Nakorn Ratchasima បានបង្ហោះសារព្រមានតាមរយៈទំព័រហ្វេសប៊ុកថា ជំងឺនេះមិនមែនជារឿងឆ្ងាយខ្លួនទៀតឡើយ ជាពិសេសសម្រាប់អ្នកដែលរស់នៅតំបន់មានទឹកដក់ និងដីសើម។
ជំងឺគ្រុនភក់ គ្រោះថ្នាក់បំផុតធ្វើឱ្យអ្នកជំងឺដំបូងឡើយមានត្រឹមតែអាការៈក្ដៅខ្លួន និងឈឺខ្លួន ស្រដៀងនឹងគ្រុនផ្ដាសាយធម្មតា ដែលធ្វើឱ្យមានការធ្វេសប្រហែសមិនបានទៅរកការព្យាបាលទាន់ពេល។ មេរោគអាចវិវត្តពីការក្ដៅខ្លួនធម្មតា ទៅជាការ ឆ្លងមេរោគក្នុងចរន្តឈាមក្នុងរយៈពេលដ៏ខ្លី ដែលបណ្ដាលឱ្យស្លាប់បានយ៉ាងងាយ។
សូមជម្រាបថា ភាគច្រើននៃអ្នកកើតជំងឺនេះគឺឆ្លងតាមរយៈការដើរជើងទទេរលុយភក់ លុយទឹក (តាមរយៈមុខរបួសតូចៗលើស្បែក) ការដកដង្ហើមស្រូបយកធូលីដីដែលមានមេរោគ និងការបរិភោគទឹកមិនស្អាត៕

