តេហេរ៉ង់៖ ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាបានឈានដល់កម្រិតអាសន្នថ្មីមួយទៀត បន្ទាប់ពីកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានបញ្ចេញសារព្រមានដ៏ភ្ញាក់ផ្អើលមួយថា ខ្លួនអាចនឹងធ្វើការកាត់ផ្តាច់ខ្សែកាបអ៊ីនធឺណិតក្រោមបាតសមុទ្រក្នុងតំបន់ឈូងសមុទ្រពែរ្ស។ ការព្រមាននេះបានធ្វើឱ្យអ្នកជំនាញបច្ចេកវិទ្យា និងសន្តិសុខសកលលោក បារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធអ៊ីនធឺណិតនៅទូទាំងពិភពលោក។

មែនទែនទៅ តំបន់ឈូងសមុទ្រពែរ្ស និងសមុទ្រក្រហម គឺជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់បំផុតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសកល។ ខ្សែកាបក្រោមបាតសមុទ្ររាប់សិបខ្សែដែលតភ្ជាប់ទំនាក់ទំនងរវាងទ្វីបអឺរ៉ុប អាហ្វ្រិក និងអាស៊ី ត្រូវឆ្លងកាត់តំបន់នេះ។ ប្រសិនបើខ្សែកាបទាំងនេះត្រូវបានកាត់ផ្តាច់ វានឹងបង្កជាមហន្តរាយដល់ការបញ្ជូនទិន្នន័យ ការទំនាក់ទំនងអន្តរជាតិ និងប្រតិបត្តិការហិរញ្ញវត្ថុជុំវិញពិភពលោក។

យ៉ាងណាម៉ិញ ប្រសិនបើការព្រមាននេះក្លាយជាការពិត ផលវិបាកដែលនឹងកើតឡើងនោះគឺ ការប្រើប្រាស់អ៊ីនធឺណិតនឹងយឺតខ្លាំង ឬដាច់ទាំងស្រុងនៅក្នុងតំបន់ជាច្រើន ហើយធនាគារ និងទីផ្សារភាគហ៊ុនអន្តរជាតិដែលពឹងផ្អែកលើការបញ្ជូនទិន្នន័យល្បឿនលឿន នឹងត្រូវជាប់គាំង វាក៏បង្កឱ្យមានភាពច្របូកច្របល់ដល់ការប្រមូលផ្ដុំទន្និន័យសំខាន់ៗ ផ្សេងទៀតផងដែរ។

ការព្រមានពីសំណាក់អ៊ីរ៉ង់នេះ កើតឡើងចំពេលដែលទំនាក់ទំនងរវាងអ៊ីរ៉ង់ និងបណ្តាប្រទេសលោកខាងលិច កាន់តែមានភាពរកាំរកូសខ្លាំងឡើងៗ។ ខណៈអ្នកវិភាគយល់ថា នេះគឺជាយុទ្ធសាស្ត្រ «សង្គ្រាមកូនកាត់» (Hybrid Warfare) ដែលអ៊ីរ៉ង់ប្រើប្រាស់ ដើម្បីគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក ដើម្បីជាការសងសឹកទៅនឹងសម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចពីខាងក្រៅ។

មកទល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើន និងអាជ្ញាធរសន្តិសុខអន្តរជាតិ កំពុងតាមដានសកម្មភាពនេះយ៉ាងដិតដល់។ ទោះបីជាមានផ្លូវខ្សែកាបបម្រុងផ្សេងទៀតក៏ដោយ ក៏សមត្ថភាពក្នុងការបង្វែរទិន្នន័យដ៏មហិមាដែលធ្លាប់ឆ្លងកាត់ឈូងសមុទ្រពែរ្ស នឹងក្លាយជាបញ្ហាប្រឈមដ៏ធំធេងបំផុតដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រអ៊ីនធឺណិត។
សូមជម្រាបថា ស្ថានភាពបច្ចុប្បន្នកំពុងស្ថិតក្នុងភាពតានតឹងបំផុត តែនៅអាចការគ្រប់គ្រងបាន ខណៈការបោះសម្តីដាក់គ្នា គឺជាផ្នែកមួយនៃសង្គ្រាមចិត្តសាស្ត្រ ដើម្បីវាស់ស្ទង់ចិត្តគ្នាទៅវិញទៅមក៕

