សារព័ត៌មាន CNA បានចេញផ្សាយនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះឱ្យដឹងថា សហរដ្ឋអាមេរិកបានពង្រីកសមរភូមិរបស់ខ្លួនពីតំបន់មជ្ឈិមបូព៌ាមកកាន់ដែនទឹកអាស៊ី ដោយបានបើកប្រតិបត្តិការស្ទាក់ចាប់ និងបង្ខំឱ្យនាវាដឹកប្រេងធំៗរបស់អ៊ីរ៉ង់យ៉ាងហោចណាស់ ៣ គ្រឿង បង្វែរទិសដៅចេញពីតំបន់ក្បែរប្រទេសឥណ្ឌា ម៉ាឡេស៊ី និងស្រីលង្កា។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា ប្រតិបត្តិការចុងក្រោយនេះបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីរបស់មន្ទីរបញ្ចកោណដែលផ្ទុយពីការប្រឈមមុខគ្នានៅច្រកសមុទ្រ Hormuz ពោរពេញដោយមីនតោន។ កងទ័ពជើងទឹកអាមេរិកបានជ្រើសរើសស្ទាក់ចាប់នាវាអ៊ីរ៉ង់នៅដែនទឹកបើកចំហនៃមហាសមុទ្រឥណ្ឌា និងអាស៊ីអាគ្នេយ៍ ដើម្បីកាត់បន្ថយហានិភ័យយោធា ប៉ុន្តែបង្កើនប្រសិទ្ធភាពក្នុងការកាត់ផ្ដាច់ប្រភពចំណូលរបស់ទីក្រុងតេហេរ៉ង់។
យោងតាមបញ្ជាការដ្ឋានកណ្ដាលអាមេរិក (US Central Command) គិតចាប់តាំងពីការចាប់ផ្ដើមឡោមព័ទ្ធមក មាននាវាសរុបចំនួន ២៩ គ្រឿង ហើយដែលត្រូវបានបង្ខំឱ្យបកក្រោយ ឬត្រឡប់ចូលកំពង់ផែវិញ។ នាវាដឹកប្រេងយក្សដែលធ្លាក់ក្នុងកណ្ដាប់ដៃអាមេរិក រួមមាន៖ នាវា Dorena ជានាវាដឹកប្រេងឆៅ ២ លានបារ៉ែល ដែលត្រូវបាននាវាបំផ្លាញរបស់អាមេរិកអមដំណើរយ៉ាងកៀកនៅមហាសមុទ្រឥណ្ឌា។ នាវា Deep Sea និង Sevinត្រូវបានស្ទាក់ចាប់នៅក្បែរឆ្នេរម៉ាឡេស៊ី ដែលជាចំណុចយុទ្ធសាស្ត្រនៃការដឹកជញ្ជូនថាមពលទៅកាន់ទីផ្សារអាស៊ី និងនាវាDerya ជានាវាដែលព្យាយាមដោះបន្ទុកនៅឥណ្ឌា ប៉ុន្តែមិនទាន់ពេលនោះឡើយ បន្ទាប់ពីសហរដ្ឋអាមេរិកបានលុបចោលការលើកលែងពន្ធកាលពីថ្ងៃអាទិត្យកន្លងទៅ។
សូមជម្រាបថា ការបិទច្រកសមុទ្រ Hormuz ដែលជាដង្ហើមថាមពល ១ ភាគ ៥ របស់ពិភពលោក បានរុញច្រានពិភពលោកឱ្យធ្លាក់ក្នុងវិបត្តិប្រេងឡើងថ្លៃកប់ពពក។ ការដែលអ៊ីរ៉ង់ឆ្លើយតបដោយការបាញ់ប្រហារ និងចាប់នាវាដឹកទំនិញដែលចេញពីឈូងសមុទ្រពែក្ស បានធ្វើឱ្យស្ថានភាពសង្គ្រាមរវាង អាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែស្មុគស្មាញ បើទោះបីជាមានការប្រកាសឈប់បាញ់បណ្ដោះអាសន្នក៏ដោយ។
គួរដឹងថាសកម្មភាពបង្ក្រាបរបស់អាមេរិកនៅដែនទឹកអាស៊ីនាពេលនេះ គឺជាសារព្រមានយ៉ាងមុតស្រួចថា ទីក្រុងវ៉ាស៊ីនតោននឹងមិនត្រឹមតែការពារអ៊ីស្រាអែលនៅក្នុងសមរភូមិដីគោកប៉ុណ្ណោះទេ ប៉ុន្តែនឹងប្រើប្រាស់អំណាចជើងទឹកលំដាប់សកលរបស់ខ្លួន ដើម្បីច្របាច់កសេដ្ឋកិច្ចអ៊ីរ៉ង់ឱ្យទាល់ច្រក ទោះបីជានាវាទាំងនោះស្ថិតនៅឆ្ងាយពីមជ្ឈិមបូព៌ារាប់ពាន់គីឡូម៉ែត្រក៏ដោយ៕

