ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ (រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ) កម្ពុជា-ចិន។

នៅក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម វ៉ាង យី ក្នុងនាមជា “មិត្តចាស់” ដែលបានរួមសុខរួមទុក្ខ និងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធជាច្រើនឆ្នាំ។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា៖

“ទោះបីជាស្ថានភាពពិភពលោកមានការប្រែប្រួល និងស្មុគស្មាញយ៉ាងណាក៏ដោយ ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន នៅតែរឹងមាំ និងមិនមានការប្រែប្រួលឡើយ។”

ជាការឆ្លើយតប ឯកឧត្តម វ៉ាង យី បានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ជូនចំពោះសម្ដេចតេជោ និងបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចិន ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ ឯកឧត្តមបានលើកសរសើរថា សម្ដេចតេជោគឺជាតួអង្គប្រវត្តិសាស្ត្រដ៏សំខាន់ដែលបានសាងគ្រឹះ “មិត្តភាពដែកថែប” ឱ្យលេចចេញជាសកម្មភាពជាក់ស្ដែង និងត្រូវបានបន្តពង្រឹងយ៉ាងសកម្មដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។

បើតាមឯកឧត្តមជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួយនោះ ឯកឧត្តម វ៉ាង យី ក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ដែលទើបតែបញ្ចប់ទៅ។ កិច្ចសន្ទនានេះបានសម្រេចនូវកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន ដើម្បីរុញច្រានទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។

ការផ្តោតលើសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយភាពធន់

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសន្ទនា និងបានជំរុញឱ្យភាគីចិនបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ សម្ដេចបានបញ្ជាក់ថា ចំណុចស្នូលនៃទំនាក់ទំនងបច្ចុប្បន្ន គឺការបង្កើនភាពធន់នៃសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានោះ សម្ដេចបានថ្លែងអំណរគុណដល់មិត្តចិនដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដែលជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចកម្ពុជា។

ជាកិច្ចបញ្ចប់ ឯកឧត្តម វ៉ាង យី បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសវត្តមានអគារខ្ពស់ៗ និងស្ថិរភាពសង្គម។ លោកបានអះអាងថា រដ្ឋាភិបាលចិននឹងបន្តឈរជាមួយកម្ពុជា ក្នុងស្មារតី “សហគមន៍ជោគវាសនារួម” ដើម្បីនាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទ៖ត្រយង

Share.