គណៈប្រតិភូមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើដំណើរចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១០០លានរៀល ប្រគល់ជូនដោយផ្ទាល់ដល់វីរនគរបាលមួយរូប ដែលកំពុងសម្រាកព្យាបាលនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បន្ទាប់ពីរងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន។




ការចុះសួរសុខទុក្ខនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ។
វីរនគរបាលដែលកំពុងទទួលការព្យាបាល គឺលោកអនុសេនីយ៍ឯក ធាង ឧត្តម ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបសំបុកឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប្រដាប់អាវុធ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅស្រុកបាទី ខេត្តតាកែវ។




ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបាននាំយកបណ្ដាំសួរសុខទុក្ខ ក្ដីព្រួយបារម្ភ និងការលើកទឹកចិត្តជូនដល់លោក ធាង ឧត្តម និងក្រុមគ្រួសារ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះវីរភាព និងការលះបង់ក្នុងបេសកកម្មការពារសន្តិសុខសង្គម និងបង្ក្រាបគ្រឿងញៀន។
ថវិកាឧបត្ថម្ភសរុប ១០០លានរៀល គឺជាការចូលរួមពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីក្រោមឱវាទ ដើម្បីជួយសម្រាលបន្ទុកចំណាយលើការព្យាបាលជាបន្តបន្ទាប់។


លោកអនុសេនីយ៍ឯក ធាង ឧត្តម និងក្រុមគ្រួសារ បានសម្ដែងក្ដីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងមិនបោះបង់ចោលពីសំណាក់ថ្នាក់ដឹកនាំនគរបាលជាតិ៕

