
ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តមានភាពតានតឹងគួរឱ្យកត់សម្គាល់ ដោយក្នុងនោះមានប្រជាពលរដ្ឋសឹកកម្ពុជាជាង ៣ម៉ឺននាក់ទៀត នៅមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានវិញបាននៅឡើយ បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីចុងឆ្នាំ ២០២៥ ក៏ដោយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ បានឱ្យដឹងថា គិតត្រឹមម៉ោង ៦ព្រឹកថ្ងៃនេះ មានពលរដ្ឋសរុបចំនួនជាង៣ម៉ឺននាក់ (៣៤,២២១នាក់) ក្នុងនោះមានស្ត្រី និងកុមារជិត ៣ម៉ឺននាក់ កំពុងរស់នៅក្នុងស្ថានភាពភៀសខ្លួននៅឡើយ។ ក្រសួងឱ្យដឹងបន្តថា ហោចណាស់សាលារៀនចំនួន ២០កន្លែង និងមន្ទីរពេទ្យ មណ្ឌលសុខភាពចំនួន ៨កន្លែង ក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ នៅតែបន្តផ្អាកដំណើរការ។
ក្រសួងមហាផ្ទៃបានរិះគន់ចំៗទៅលើភាគីថៃថា ពុំទាន់បានអនុវត្តឱ្យបានពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ នៅឡើយទេ។ អ្វីដែលកាន់តែបង្កឱ្យមានការភ្ញាក់ផ្អើលនោះ គឺសកម្មភាពកាលពីថ្ងៃទី២២ ខែមេសា ដែលភាគីថៃបានរៀបចំពិធីបួងសួងបែបសាសនានៅតំបន់ប្រាសាទតាក្របី ដែលកម្ពុជាចាត់ទុកថាជាការរំលោភលើដែនអធិបតេយ្យ និងផ្ទុយពីអនុស្សារណៈឆ្នាំ២០០០។
សេចក្តីប្រកាសបានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានបន្តកត់ត្រាទុកនូវរាល់សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ និងគាំទ្រការតវ៉ាដាច់ខាតរបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងអំពើឈ្លានពាននេះ។
ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃបានប្រកាសគាំទ្រពេញទំហឹងចំពោះប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលបានសង្កត់ធ្ងន់ថា កម្ពុជានឹងមិនបោះបង់ទឹកដីសូម្បីមួយចំអាម ប៉ុន្តែត្រូវដោះស្រាយតាមរយៈយន្តការសន្តិវិធី និងការចរចាដោយផ្អែកលើច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ឱ្យរួមសាមគ្គីគ្នាគាំទ្របេសកកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមផ្លូវការទូត ដើម្បីនាំយកមកវិញនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រជាជននៅតាមខ្សែបន្ទាត់ព្រំដែន។
គិតមកទល់ពេលនេះ ភាគីកម្ពុជានៅតែបន្តស្នើឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឯកតោភាគី និងពន្លឿនការចាត់តាំងក្រុមការងារ JBC ដើម្បីបន្តការវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់ ផ្អែកលើសន្ធិសញ្ញាបារាំង-សៀម និងឯកសារដែលភាគីទាំងពីរបានឯកភាពគ្នា។
យន្តការសន្តិវិធីនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចៀសការបង្ហូរឈាម និងការខូចខាតទ្រព្យសម្បត្តិ ខណៈដែលរហូតមកដល់ពេលនេះ ពុំទាន់មានរបាយការណ៍ថ្មីអំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត បន្ទាប់ពីការកត់ត្រាកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅឡើយ៕

