កំពង់ចាម៖ ថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មី និងស្រោចស្រង់បើកព្រះនេត្រនាគ នៅចំណុចរង្វង់មូលនាគព័ន្ធចាស់ ទល់មុខក្លោងទ្វារចូលវត្តប្រាសាទនគរបាជ័យ ស្ថិតក្នុងស្រុកកំពង់សៀម។




ពិធីនេះ ដឹកនាំដោយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។
ក្នុងឱកាសនោះ ក៏បាននិមន្តព្រះសង្ឃសូត្រមន្តតាមប្រពៃណីសាសនា ដើម្បីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ជូនប្រជាពលរដ្ឋក្នុងខេត្ត និងអ្នកធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តកំពង់ចាមផងដែរ។




ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រូបសំណាកនាគព័ន្ធថ្មីនេះ ជាសំណង់តំណាងអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ដែលកសាងពីស្ពាន់សុទ្ធ មានទម្ងន់៨តោន កម្ពស់១០ម៉ែត្រ រួមទាំងជើងទម្រ៣ម៉ែត្រ។
រូបសំណាកថ្មីនេះ ត្រូវបានសាងសង់តាមទម្រង់ចាស់ទាំងស្រុង ប៉ុន្តែប្តូរពីស៊ីម៉ង់ត៍មកជាស្ពាន់សុទ្ធ និងមានទំហំធំជាងមុន ដោយជើងទម្រមានទំហំ១៧ម៉ែត្រ គុណនឹង១៧ម៉ែត្រ។




សូមជម្រាបថា សំណង់នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧ និងជាផ្នែកមួយស្របតាមគម្រោងពង្រីកផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីស្សូណា ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៧។
អត្ថបទ÷អាចារ្យលាក់
