កំពង់ធំ៖ ក្រសួងរ៉ែ និងថាមពល រួមជាមួយរដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន ខេមបូឌាន ខេ៨៨ អ៊ិនដាសស្ត្រី ឯ.ក (Cambodian K88 Industry Co., Ltd.)។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អភិបាលខេត្តកំពង់ធំ អភិបាលខេត្តក្រចេះ មន្ត្រីរាជការ និងបុគ្គលិកកម្មករជាច្រើនរូប។


រោងចក្រនេះ ស្ថិតនៅតំបន់ស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ។ ក្រុមហ៊ុនជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន ដែលបានចាប់ផ្តើមសិក្សាស្រាវជ្រាវរ៉ែតាំងពីឆ្នាំ២០២០ ហើយប្រកាសរកឃើញជម្រករ៉ែមាសមានលក្ខណៈសេដ្ឋកិច្ចនៅឆ្នាំ២០២៣។

ក្រុមហ៊ុនបានវិនិយោគសរុបប្រមាណ ៤០លានដុល្លារអាមេរិក និងបង្កើតការងារដោយផ្ទាល់ជូនប្រជាពលរដ្ឋខ្មែរចំនួន ៣៧៥នាក់ បន្ថែមពីលើការបង់សួយសារ និងពន្ធអាករជូនរដ្ឋ។


ឯកឧត្តម កែវ រតនៈ បានថ្លែងថា សមិទ្ធផលថ្មីនេះ ជាលទ្ធផលនៃសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជាកត្តាសំខាន់ក្នុងការទាក់ទាញវិនិយោគលើវិស័យធនធានរ៉ែ។

ឯកឧត្តមបញ្ជាក់ថា គម្រោងនេះនឹងរួមចំណែកនាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេស បង្កើតការងារ ពង្រីកវិស័យឧស្សាហកម្មក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចសង្គមកម្ពុជាបន្ថែមទៀត៕

អត្ថបទ÷កំពង់ធំ

Share.