ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានបើកយុទ្ធនាការស្ដារប្រព័ន្ធលូនៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ដើម្បីត្រៀមបង្ការ និងកាត់បន្ថយការជន់លិចក្នុងរដូវវស្សាខាងមុខ។




យុទ្ធនាការនេះ ធ្វើឡើងក្រោមអធិបតីភាពលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីមន្ត្រីជំនាញ កងកម្លាំង និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ការស្ដារប្រព័ន្ធលូនេះ មានគោលបំណងសម្អាតកាកសំណល់ ភក់ល្បាប់ និងសម្ភារៈស្ទះក្នុងលូ ដើម្បីធានាឱ្យទឹកភ្លៀងហូរបានលឿន កាត់បន្ថយការដក់ទឹក និងទប់ស្កាត់ការលិចលង់នៅតំបន់ប្រឈម។




រដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា សកម្មភាពនេះ គឺជាការត្រៀមខ្លួនមុនរដូវវស្សា ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដើម្បីរក្សាបរិស្ថាន សោភ័ណភាពទីក្រុង និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕




អត្ថបទ÷សេង សាវី
