កំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើង៣នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅឃុំស្រង់ ស្រុកគងពិសី។




ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់សកម្មភាពបង្កអសន្តិសុខ និងគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋាន។


ជនពាក់ព័ន្ធទាំង៣នាក់ សុទ្ធសឹងមានអាយុប្រមាណ១៨ឆ្នាំ ហើយបានទទួលស្គាល់ថា ពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូប្រាកដមែន។ ចំណែកបក្ខពួក២នាក់ទៀត បានរត់គេចខ្លួន។
ក្រោយការសាកសួរ សមត្ថកិច្ចបាននាំយកមកអប់រំ ធ្វើកិច្ចសន្យា កោរសក់ និងប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្ត។ រីឯម៉ូតូដែលប្រើប្រាស់ក្នុងសកម្មភាព ត្រូវបានដកហូតរក្សាទុករយៈពេល៩០ថ្ងៃ៕
អត្ថបទ÷ចតុម្មុខ
