យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានពិនិត្យ និងអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពី កាតព្វកិច្ចយោធា ហើយច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។

សេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។

ច្បាប់នេះនឹងក្លាយជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។ ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី១៨ ឆ្នាំ ដល់ ២៥ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

សូមជម្រាបថា កន្លងមកព្រះរាជាណាចក្រកម្ពុជា មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែច្បាប់ ស្តីពី កាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។

គួររំឭកផងដែរ, កាលបពីថ្ងៃ ១៤ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ  ក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថនៅខេត្តកំពង់ឆ្នាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នឹងស្នើសុំរៀបចំច្បាប់ ស្តីពី កាតព្វកិច្ចយោធាឡើងវិញ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។ ច្បាប់នេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិយើងចំនួន៣ចំណុចធំៗរួមមាន៖ ទី១- ជួយបង្កើនបរិមាណសាច់ទ័ព ទី២- ជួយបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព និងទី៣- ជួយពលរដ្ឋឱ្យក្លាយជាមនុស្សមានវិន័យសណ្តាប់ធ្នាប់៕

Share.