ឧត្តរមានជ័យ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅខេត្តឧត្តរមានជ័យ កម្លាំងអង្គភាព CMAC បានចុះបោសសម្អាតតំបន់ដែលរងការវាយប្រហារដោយគ្រាប់បែកចង្កោម ដែលជាសំណល់យុទ្ធភណ្ឌសង្គ្រាម។ ប្រតិបត្តិការនេះមានគោលបំណងរំដោះភូមិដ្ឋាន និងដីស្រែចម្ការ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យអាចវិលត្រឡប់ទៅរស់នៅ និងប្រកបរបរបានដោយសុវត្ថិភាព។


ជាមួយគ្នានេះផងដែរ ក្រុមការងារ CMAC ក៏បានធ្វើការផ្សព្វផ្សាយអប់រំ ដើម្បីបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់ពីសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាពិសេសគ្រាប់បែកចង្កោម ដែលនៅសេសសល់ក្រោយសង្គ្រាម។
ក្នុងសារអប់រំ បានរំលឹកដល់ប្រជាពលរដ្ឋថា ទោះបីជាបានគេចផុតពីការវាយប្រហាររួចហើយក៏ដោយ ក៏នៅតែមានហានិភ័យពីគ្រាប់មិនទាន់ផ្ទុះនៅក្នុងដី។ ដូច្នេះ ពេលវិលត្រឡប់ទៅលំនៅឋានវិញ ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការរងរបួស ឬបាត់បង់ជីវិត។


អាជ្ញាធរ និងកម្លាំងជំនាញបានណែនាំឱ្យអនុវត្តវិធានការងាយៗ ដូចជា កុំប៉ះពាល់ កុំលើកដាក់ ឬជីកកកាយវត្ថុសង្ស័យដែលអាចជាគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន កងកម្លាំងនគរបាល ឬក្រុមការងារ CMAC ដែលនៅជិតបំផុត ដើម្បីចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។
ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញារបស់អាជ្ញាធរ ក្នុងការពារជីវិត និងសុវត្ថិភាពប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយហានិភ័យពីសំណល់យុទ្ធភណ្ឌនៅតាមតំបន់ដែលធ្លាប់ជាដែនប្រយុទ្ធ។
អត្ថបទ៖ ចតុម្មុខ

