ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦ បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្តល់ឥណទានសម្បទានប្រមាណ ៤៦លានដុល្លារ អាមេរិក សម្រាប់អនុវត្តគម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្ដាញបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។


យោងតាមសេចក្តីប្រកាស គម្រោងនេះមានទឹកប្រាក់ប្រមាណចំនួន ៦.៩០៨.០០០.០០០ យ៉េន (ប្រមាណ ៤៦.០០០.០០០ ដុល្លារអាមេរិក) ដែលជាកញ្ចប់ឥណទានទី១ សម្រាប់គម្រោងខាងលើ។
គម្រោងនេះ មានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញ ដើម្បីបង្ការនិងកាត់បន្ថយហានិភ័យពីទឹកជំនន់ ព្រមទាំងកែលម្អប្រព័ន្ធបង្ហូរទឹកកខ្វក់ ដោយជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសកម្មភាពសេដ្ឋកិច្ច។

ការផ្តល់ឥណទាននេះ ក៏បានបង្ហាញពីការបន្តគាំទ្រយ៉ាងរឹងមាំរបស់ជប៉ុន ចំពោះការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា និងការពង្រឹងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕

