(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងឱ្យកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសScam Online មិនឲ្យបង្អង់ដៃឡើយ ពោលមិនបញ្ឈប់ត្រឹមថ្ងៃចូលឆ្នាំ ដូចមតិមួយចំនួនលើកឡើងនោះទេ។

បទបញ្ជារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២៦នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ច្បាប់មានហើយដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ។

ជាការកត់សម្គាល់បទបញ្ជារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងស្របពេលដែលមានសាធារណមតិខ្លះបានលើកឡើងថា រាជរដ្ឋាភិបាលចេញបញ្ជាឲ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)នៅត្រឹមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរតែប៉ុណ្ណោះ។

បទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីនេះ ក៏ធ្វើឡើងស្របពេលដែលបណ្តាញសារព័ត៌មានបរទេសមួយចំនួននៅតែបន្តផ្សព្វផ្សាយបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជាថាជាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បើទោះជាគេបានដឹងថា បទល្មើសមិនប្រពៃណីមួយនេះជាបទល្មើសសកល ហើយដែលកម្ពុជាក៏ជាប្រទេសរងគ្រោះក្តី៕

អត្ថបទ៖ត្រយង

Share.