(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំជួរជួបសំណេះសំណាលជាមួយកងទ័ព កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់យុទ្ធជនទូទាំងកងពល ត្រូវពង្រឹងការអនុវត្តច្បាប់ និងអនុក្រឹត្យស្តីពីបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ឱ្យបានខ្ជាប់ខ្ជួនបំផុត។
លោកមេបញ្ជាការ បានគូសបញ្ជាក់យ៉ាងច្បាស់ថា «វិន័យ និងសីលធម៌ គឺជាខឿនការពារជាតិ»។ លោកបានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗ ដូចខាងក្រោម៖
១. ពង្រឹងវិន័យ និងការគ្រប់គ្រងកម្លាំង
កងទ័ពដែលគ្មានវិន័យ គឺប្រៀបបាននឹងហ្វូងមនុស្សដែលទន់ជ្រាយ។ ដូច្នេះ រាល់បទបញ្ជារបស់ថ្នាក់លើត្រូវតែអនុវត្តឱ្យបានទាន់ពេលវេលា និងម៉ឺងម៉ាត់។ ការត្រួតពិនិត្យវត្តមាន កម្លាំងទ័ព អាវុធ និងគ្រឿងបំពាក់ ត្រូវធ្វើឡើងជាប្រចាំ និងតាមដានឱ្យបានហ្មត់ចត់បំផុត។ លោកបានហាមដាច់ខាតការយកអាវុធទៅប្រើប្រាស់ខុសគោលដៅ ឬបង្កអសន្តិសុខដល់សង្គមជាតិ។

២. ម្ចាស់ការនៅសមរភូមិមុខ និងសាមគ្គីភាព
បើទោះបីស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានភាពស្ងប់ស្ងាត់ ប៉ុន្តែក្នុងនាមជាកងទ័ពឈរជើងនៅសមរភូមិមុខ មិនត្រូវធ្វេសប្រហែសសូម្បីមួយវិនាទីឡើយ។ លោកបានរំលឹកឱ្យយុទ្ធជនទាំងអស់៖
- រក្សាស្មារតីម្ចាស់ការ និងត្រៀមលក្ខណៈប្រយុទ្ធជានិច្ច។
- ពង្រឹងសាមគ្គីភាពផ្ទៃក្នុង «ស្រឡាញ់គ្នា ជួយគ្នា ការពារគ្នា» ដែលជាអាវុធឈ្នះសត្រូវ។
- យកចិត្តទុកដាក់ជួយសង្គ្រោះ និងការពារសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងតំបន់ឈរជើង ដើម្បីពង្រឹងសម្ព័ន្ធភាព «ទ័ព និងប្រជាជន»។
៣. បង្ការទប់ស្កាត់បទល្មើសអនឡាញ និងល្បែងស៊ីសង
ចំណុចដែលលោកមេបញ្ជាការយកចិត្តទុកដាក់ខ្លាំងបំផុតនោះគឺ ការរីករាលដាលនៃបទល្មើសតាមប្រព័ន្ធអនឡាញ (Online Scams)។ លោកបានហាមដាច់ខាតចំពោះទង្វើទាំងឡាយណាដែលនាំឱ្យខូចកិត្តិយសកងទ័ពជាតិ រួមមាន៖
- ហាម ប្រើប្រាស់តួនាទី ឈ្មោះជាកងទ័ព ឯកសណ្ឋាន ឬអាវុធ ទៅការពារកន្លែងល្បែងស៊ីសង ឬទារបំណុលខុសច្បាប់។
- ហាម ការលេងល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ ឬការចាញ់បោកការវិនិយោគដែលសន្យាចំណេញខ្ពស់ខុសធម្មតា។
- លោកបានដាស់តឿនថា ល្បែងអនឡាញមិនដែលធ្វើឱ្យនរណាម្នាក់មានបានឡើយ មានតែបំផ្លាញខ្លួនឯង គ្រួសារ និងវិន័យកងទ័ព ហើយអាចរុញច្រានយុទ្ធជនឱ្យក្លាយជា «ឧក្រិដ្ឋជន» តាមរយៈការលួច ប្លន់ ឬបោកប្រាស់។

៤. មនសិការស្នេហាជាតិ និងភក្តីភាព
ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានផ្ដាំផ្ញើដល់យុទ្ធជនទាំងអស់ថា មនសិការស្នេហាជាតិត្រូវស្ដែងចេញតាមរយៈសកម្មភាពជាក់ស្ដែង ក្នុងការការពារទឹកដី និងសេចក្តីសុខរបស់ប្រជារាស្ត្រ។ យុទ្ធជនម្នាក់ៗត្រូវមានភក្តីភាពដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ដោយរក្សាឱ្យបាននូវភាពស្មោះត្រង់ ដែលជាកិត្តិយសខ្ពង់ខ្ពស់បំផុតរបស់កងទ័ព ដែលមិនអាចយកប្រាក់កាសមកដោះដូរបានឡើយ៕
អត្ថបទ៖ត្រយង
