ឧត្តរមានជ័យ៖ អង្គភាពស៊ីម៉ាក់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានចុះបោសសម្អាតតំបន់ដែលរងការវាយប្រហារដោយគ្រាប់បែកចង្កោម ស្ថិតក្នុងខេត្តឧត្តរមានជ័យ ដោយរំដោះភូមិដ្ឋាន និងដីស្រែចម្ការ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក ហេង រតនា បានឱ្យដឹងថា ទន្ទឹមនឹងប្រតិបត្តិការបោសសម្អាតនេះ កម្លាំងស៊ីម៉ាក់ក៏បានចុះផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីគ្រោះថ្នាក់នៃសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ក្រោយការបាញ់ប្រហារ។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលវិលត្រឡប់ចូលលំនៅឋានវិញ ត្រូវជៀសវាងការប៉ះពាល់ លើកដាក់ ឬជីកកកាយវត្ថុសង្ស័យទាំងនោះ។ ក្នុងករណីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ឬសំណល់យុទ្ធភណ្ឌផ្សេងៗ ប្រជាពលរដ្ឋត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលជាតិ ឬកម្លាំងស៊ីម៉ាក់ដែលនៅជិតបំផុត ដើម្បីចាត់វិធានការប្រកបដោយសុវត្ថិភាព។

អត្ថបទ៖ តាតុងសែនជ័យ

