បាត់ដំបង៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកសំឡូត ខេត្តបាត់ដំបង ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុក បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាការពារ និងព្រះសង្ឃ ចុះជួយជួសជុលលំនៅដ្ឋានជូនប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលបានរងការខូចខាតយ៉ាងដំណំដោយសារឥទ្ធិពលខ្យល់កន្ត្រាក់។

ក្នុងសកម្មភាពមនុស្សធម៌នេះ ក្រុមការងារបានប្រើប្រាស់ស័ង្កសីចំនួន ២៧សន្លឹក ដើម្បីជួសជុលដំបូលផ្ទះជូនគ្រួសារលោក សៀង សុខា និងលោក សៀង រិត ស្ថិតក្នុងឃុំសំឡូត។ ក្រៅពីការជួយជួសជុលផ្ទះ អាជ្ញាធរក៏បាននាំយកនូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួន ចែកជូនដល់គ្រួសាររងគ្រោះ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពបន្ទាន់ផងដែរ។

សកម្មភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលតែងតែនៅកៀកកិត និងត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋនៅមូលដ្ឋានគ្រប់ពេលវេលា នៅពេលមានគ្រោះមហន្តរាយធម្មជាតិកើតឡើង។

Share.