នៅថ្ងៃទី២៤ ខែមេសានេះ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន និងបុគ្គល ព្រមទាំងស្ថាប័នពាក់ព័ន្ធសរុប ២៨ នាក់ ពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញ។

យោងតាមសេចក្ដីប្រកាសខាងលើនេះ ភាគីអាមេរិកបានអះអាងថា បុគ្គលទាំងនេះបានដំណើរការបណ្តាញ Online Scam ដែលមានគោលដៅលើពលរដ្ឋអាមេរិក ហើយជាញឹកញាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ជនរងគ្រោះពីការជួញដូរមនុស្ស ដោយបង្ខំឲ្យប្រព្រឹត្តអំពើខុសច្បាប់ក្រោមការគំរាមកំហែងនៃអំពើហិង្សា។
ជាការឆ្លើយតប ចំពោះអ្វីដែលបានលើកឡើងខាងលើនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់ថា ក្រសួងបាន និងកំពុងបន្តស៊ើបអង្កេត និងបោសសម្អាតបទល្មើសឆបោកបច្ចេកវិទ្យា ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

លោកបានឱ្យដឹងបន្ថែមទៀតថា ការអនុវត្តនេះ មិនសំដៅលើបុគ្គលណាមួយឡើយ ប៉ុន្តែអនុវត្តតាមនីតិវិធីច្បាប់ ដែលកំណត់ឲ្យការស៊ើបអង្កេតត្រូវរក្សាការសម្ងាត់។

អ្នកនាំពាក្យរងរូបនេះបញ្ជាក់បន្ថែមថា ជាលទ្ធផល សមត្ថកិច្ចបានបំបែកសំបុកឆបោកធំៗជាច្រើនទីតាំង និងបញ្ជូនជនសង្ស័យទាំងជនបរទេស និងជនជាតិខ្មែរ ជាបន្តបន្ទាប់ទៅកាន់តុលាការ ដោយផ្អែកលើភស្តុតាងច្បាស់លាស់។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ជាលទ្ធផលសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន បានចេញប្រតិបត្តិការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន ២៣ទីតាំង ក្នុងនោះមានរាជធានីភ្នំពេញ (១១កន្លែង) ខេត្តស្វាយរៀង (៤កន្លែង) ព្រះសីហនុ (៣កន្លែង) ខេត្តកែប (១កន្លែង) ខេត្តបន្ទាយជ័យ (១កន្លែង) មណ្ឌលគីរី (១កន្លែង) សៀមរាប (១កន្លែង) និងខេត្តកោះកុង (១កន្លែង)។ នៅក្នុងរង្វង់ប្រតិបត្តិការនោះក៏ឃាត់ខ្លួនបានមនុស្សចំនួន ១៩៥៧ នាក់ (មាន១៨ជាតិសាសន៍)៕

Share.