ពោធិ៍សាត់៖ អាជ្ញាធរខេត្តពោធិ៍សាត់បានប្រកាសពន្លឿនការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ឱ្យបានរួចរាល់ត្រឹមចុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយពេលវេលា ចំណាយថវិកា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។




ការប្រកាសនេះធ្វើឡើងដោយ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅវត្តឧត្តមព្រៃជា ហៅវត្តច្រាបប្រជា ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព ជាចំណែកសំខាន់ក្នុងការជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរ និងសម្រួលការងារផ្នែកដីធ្លីឱ្យបានឆាប់រហ័ស។




លោក ឱន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ទូទាំងខេត្តពោធិ៍សាត់ មានក្បាលដីសរុបប្រមាណ ៤៥៤,៥៦០ក្បាលដី ក្នុងនោះបានវាស់វែង និងវិនិច្ឆ័យស្ទើរតែគ្រប់ចំនួន ខណៈការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋសម្រេចបាន ៣០៧,៨៥៣ប័ណ្ណ ស្មើជាង ៦៨ភាគរយ។
ដោយឡែក ស្រុកតាលោសែនជ័យ បានចេញប័ណ្ណកម្មសិទ្ធិរួចចំនួន ១១,១០៦ប័ណ្ណ ហើយនៅក្នុងពិធីនេះ បានចែកប័ណ្ណកម្មសិទ្ធិចំនួន ៥,២៩៦ប័ណ្ណ ជូនប្រជាពលរដ្ឋមកពី៤ភូមិ ក្នុងឃុំផ្ទះរុង រួមមាន ភូមិកោះស្វាយ ភូមិតាសាស ភូមិក្រញ៉ាំ និងភូមិព្រៃកន្លង់។




អាជ្ញាធរខេត្តបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដែលប្រគល់ជូនក្នុងពិធីនេះ គ្រាន់តែជានិមិត្តរូបចំនួន១០នាក់ប៉ុណ្ណោះ ខណៈប័ណ្ណដែលនៅសល់ នឹងយកទៅប្រគល់ជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋបន្តទៀត៕








អត្ថបទ÷ពោធិ៍សាត់
