ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នេះ បានសម្រេចចោទប្រកាន់មន្ត្រីនគរបាលជាន់ខ្ពស់កម្រិតផ្កាយ២ និងផ្កាយ៣ រួមទាំងបក្ខពួក ចំនួន ៦នាក់ ក្រោមបទចោទធ្ងន់ៗពាក់ព័ន្ធនឹងអំពើពុករលួយ និងការសម្អាតប្រាក់។

យោងតាមការបញ្ជាក់របស់លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងនេះត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរដើម្បីចាត់ការតាមនីតិវិធីបន្ត។ បុគ្គលដែលត្រូវបានចោទប្រកាន់រួមមាន៖

១. ឈ្មោះ អ៊ុក ហៃសីឡា និង ២. ឈ្មោះ សរ សំណាង៖ ត្រូវបានចោទប្រកាន់ពីបទ ស៊ីសំណូក, សម្អាតប្រាក់ និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល (តាមច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងក្រមព្រហ្មទណ្ឌ)។

៣. ឈ្មោះ កូ ពិសី និង ៤. ឈ្មោះ យ៉ាត កុសល (ហៅអួង)៖ ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើស៊ីសំណូក និងសមគំនិតក្នុងអំពើសម្អាតប្រាក់។

៥. ឈ្មោះ មាស ម៉ារិន៖ ត្រូវបានចោទប្រកាន់ពីបទ ផ្ដើមគំនិតក្នុងអំពើស៊ីសំណូក, សមគំនិតក្នុងអំពើសូកប៉ាន់ និងបទសម្អាតប្រាក់។

៦. ឈ្មោះ HOANG CHI PHU (ហៅ Tony ឬ Nam) ជនជាតិវៀតណាម (កំពុងគេចខ្លួន)៖ ត្រូវបានចោទប្រកាន់ពីបទ សូកប៉ាន់។

ការសម្រេចចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតយ៉ាងល្អិតល្អន់លើភស្តុតាងដែលពាក់ព័ន្ធនឹងការរំលោភអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងការចរាចរណ៍សាច់ប្រាក់មិនត្រឹមត្រូវ។ ករណីនេះកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ ដើម្បីសម្រេចថាតើត្រូវឃុំខ្លួនបុគ្គលទាំងនេះជាបណ្ដោះអាសន្ន ឬយ៉ាងណា៕

អត្ថបទ៖ ចតុម្មុខ

Share.