ភ្នំពេញ៖ នៅយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្ថានទូតចិន បន្តអនុវត្តនីតិវិធីបណ្ដេញជនជាតិចិនចំនួន ៣២៩នាក់ ស្រី១១នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ព្រមទាំងលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា។




ប្រតិបត្តិការនេះធ្វើឡើងតាមរយៈយន្តហោះពិសេស ចេញពីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។




ការបណ្ដេញជនបរទេសខាងលើ ត្រូវបានបញ្ជាក់ថា ជាការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាប និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋទាំងក្នុងប្រទេស និងអន្តរជាតិ។




សមត្ថកិច្ចក៏បានបញ្ជាក់ថា នឹងបន្តស្វែងរកមេខ្លោងនៅពីក្រោយ និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពឆបោកទាំងនេះផងដែរ៕
អត្ថបទ÷ចតុម្មុខ
