កណ្តាល៖ សមត្ថកិច្ចស្រុកកោះធំ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត និងរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្រោយធ្វើសកម្មភាពនៅក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។




ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១:៣០នាទីអធ្រាត្រ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយក្រុមជនសង្ស័យជិះរថយន្តម៉ាក Ford Ranger មួយគ្រឿង ចូលទៅធ្វើសកម្មភាពលួចដោះយកផ្លាកលេខរថយន្តចំនួន ៤គ្រឿង ដែលចតនៅក្នុងមន្ទីរពេទ្យ រួចគេចខ្លួនទៅទិសក្រុងសំពៅពូន។




បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានសហការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ២នាក់ ខណៈជនសង្ស័យ ២នាក់ទៀតបានរត់គេចខ្លួន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានរថយន្តមួយគ្រឿង ផ្លាកលេខរថយន្តចំនួន ១០ផ្លាក ទូរសព្ទ ២គ្រឿង ខ្នោះដៃ ៤ខ្នោះ គ្រាប់កាំភ្លើងខ្លី ១២គ្រាប់ ដំបងឈើ ១ដើម និងម្សៅសង្ស័យជាគ្រឿងញៀន ១កញ្ចប់តូច ព្រមទាំងសម្ភារៈមួយចំនួនទៀត។


ជនសង្ស័យទាំង២នាក់ ត្រូវបានធ្វើតេស្តទឹកនោម និងទទួលលទ្ធផលវិជ្ជមានសារធាតុញៀន។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ខណៈជនសង្ស័យដែលរត់គេចខ្លួន កំពុងតាមចាប់ខ្លួនបន្តបន្ទាប់៕
អត្ថបទ÷កណ្តាល
