បាត់ដំបង÷ អាជ្ញាធរ និងមន្ត្រីជំនាញបានចុះណែនាំ និងដាក់ល័ក្ខខ័ណ្ឌចំនួន ៧ចំណុចដល់អាជីវករលក់ដូរលើខ្នងភ្នំសំពៅ ករណីមិនចូលរួមតាមអនុវត្តតាមផ្លូវច្បាប់។
ក្រោយបែកធ្លាយក្លីបវីដេអូរបស់ភ្ញៀវទេសចរលើបណ្តាញសង្គមរិះគន់ស្ថាបនាដល់ពលរដ្ឋមួយចំនួនតូចដែលលក់ដូរលើខ្នងភ្នំសំពៅដាក់សម្ពាធបង្ខំទាប្រាក់ក្រោមរូបភាពអង្គាសបច្ច័យជាទានរួចមក នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសហការជាមួយរដ្ឋបាលស្រុក កម្លាំងអធិការស្រុក រដ្ឋបាលឃុំ បានចុះសាកសួរពត៌មានលម្អិត និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋជាអ្នកលក់ដូរលើខ្នងភ្នំសំពៅទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។




នៅក្នុងការចុះប្រមូលព័ត៌មានជាក់ស្តែងនេះមន្ត្រីជំនាញបានណែនាំដល់ប្រជាពលរដ្ឋជាអាជីវករនៅលើភ្នំសំពៅទាំងអស់ត្រូវចូលរួមដោយអនុវត្តតាមល័ក្ខខ័ណ្ឌចំនួន ៧ ដែលទី ១ ត្រូវសម្អាតអនាម័យ ទុកដាក់និងវេចខ្ចប់យកសម្រាមចេញពីលើភ្នំឱ្យបានត្រឹមត្រូវ, ទី ២ ត្រូវបញ្ឈប់សកម្មភាពដេញដណ្តើមភ្ញៀវបែបអនាធិបតេយ្យ, ទី ៣ ត្រូវបញ្ឈប់រាល់សកម្មភាពបង្ខិតបង្ខំភ្ញៀវឱ្យទិញ សុំលុយពីភ្ញៀវដោយផ្ទាល់ ឬប្រយោលគ្រប់រូបភាព, ទី ៤ ត្រូវបញ្ឈប់ការប្រើប្រាស់កន្លែងបន្លំរូបភាពសាសនា ដើម្បីកេងប្រយោជន៍ផ្ទាល់ខ្លួន, ទី ៥ មិនអនុញ្ញាតឱ្យក្មេងៗលេងប្រលែងគ្នាស្រែកឡូឡាបង្កភាពអនាធិបតេយ្យនាំដល់ការរំខាន និងប៉ះពាល់ដល់តម្លៃនៃតំបន់បេតិកភណ្ឌ ឬឱ្យក្មេងៗដើរសុំប្រាក់ពីភ្ញៀវ, ទី ៦ ត្រូវរៀបចំសណ្តាប់ធ្នាប់តូប ពង្រីកផ្លូវសម្រាប់ភ្ញៀវធ្វើដំណើរឱ្យបានទូលាយ និងទី ៧ ត្រូវរួមគ្នាថែរក្សាទ្រព្យសម្បត្តិសាធារណៈ អនាម័យ និងបរិស្ថានជាចំបងផងដែរ។




មន្ត្រីមន្ទីរទេសចរណ៍បានបញ្ជាក់បន្ថែមថា÷ ក្នុងករណីនៅតែផ្គើនបង្កឲ្យកើតមានបញ្ហាអវិជ្ជមានបន្តទៀតមន្ទីរទេសចរណ៍ខេត្ត ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចនិងអនុវត្តវិធានការច្បាប់ដោយមិនលើកលែងឡើយ។




មន្ត្រីជំនាញខាងលើក៏បានអំពាវនាវសូមអោយបងប្អូនប្រជាពលរដ្ឋជាភ្ញៀវទេសចររាល់ការអញ្ជើញមកលេងកម្សាន្តលើទីតាំងដដែលនេះមេត្តាជួយតាមដាន និងសហការផ្តល់ពត៌មាននានា ឬសំណូមពរផ្សេងៗ ពិសេសនៅតាមតំបន់រមណីយដ្ឋានជាគោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបង ដើម្បីភាពរីកចម្រើន ភាពទាក់ទាញលើកមុខមាត់ខេត្ត និងប្រទេសយើងទាំងអស់គ្នា៕
អត្ថបទ÷ ដំបងក្រញូង
