គ្រោះធម្មជាតិខ្យល់កន្ត្រាក់ដ៏កំណាចបានបោកបក់មកលើស្រុក Kudjab ខេត្តឧត្តរធានី (Udon Thani) កាលពីយប់ថ្ងៃទី២៣ ខែមេសា បន្សល់ទុកនូវវិនាសកម្មយ៉ាងដំណំ ដោយបានបំផ្លិចបំផ្លាញជម្រកប្រជាពលរដ្ឋរាប់សិបខ្នង និងផ្ដាច់សង្ខារបុរសម្នាក់ក្នុងគ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់ ដែលករណីនេះកំពុងរងការរិះគន់ថាជា ការធ្វេសប្រហែសរបស់អាជ្ញាធរ ក្នុងការទប់ស្កាត់ និងផ្ដល់សញ្ញាព្រមាន។

សោកនាដកម្មដ៏ជូរចត់បានកើតឡើងលើលោក Mai អាយុ ៤២ ឆ្នាំ ដែលបានបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូបុកដើមឈើដែលដួលរំលំកាត់ផ្លូវ។ មហាជនបានលើកឡើងថា ប្រសិនបើអាជ្ញាធរមានវិធានការឆ្លើយតបបន្ទាន់ក្នុងការបិទផ្លូវ ឬផ្ដល់សញ្ញាព្រមានគ្រោះថ្នាក់ឱ្យបានទាន់ពេលវេលា បន្ទាប់ពីដើមឈើដួលរំលំ និងអគ្គិសនីត្រូវបានកាត់ផ្ដាច់ នោះជនរងគ្រោះប្រហែលជាមិនត្រូវស្លាប់ទាំងងងឹតសូន្យសុងបែបនេះឡើយ។ ការស្លាប់ក្នុងបេសកកម្មចេញទៅរកកង្កែបដើម្បីចិញ្ចឹមក្រពះ បានក្លាយជាសញ្ញាសួរដ៏ធំចំពោះកិច្ចគាំពារពលរដ្ឋថ្នាក់មូលដ្ឋានពីសំណាក់រដ្ឋាភិបាល។

នៅក្នុងភូមិ Ban Non Thana ខ្យល់កន្ត្រាក់ប៉ើងដំបូលផ្ទះ និងបោកបំបាក់ដើមកៅស៊ូជាច្រើនហិកតា បង្កជាមហន្តរាយសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់អ្នកភូមិ។ ស្របពេលដែលរដ្ឋាភិបាលតែងតែអួតអាងពីបច្ចេកវិទ្យាព្រមានគ្រោះមហន្តរាយ ប៉ុន្តែជាក់ស្ដែង ប្រជាពលរដ្ឋនៅតែរងគ្រោះដោយទទេៗ ព្រោះតែប្រព័ន្ធអគ្គិសនីដែលកាត់ផ្ដាច់ និងផ្លូវថ្នល់ដែលមានឧបសគ្គ មិនត្រូវបានដោះស្រាយភ្លាមៗ ដែលជាមូលហេតុបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត។ ខណៈផ្ទះសម្បែងរាប់សិបខ្នងត្រូវរបើកដំបូលទាំងស្រុង ឆ្លុះបញ្ចាំងពីកង្វះការគាំទ្រផ្នែកបច្ចេកទេសសាងសង់ឱ្យមានភាពធន់នឹងគ្រោះធម្មជាតិ ដែលរដ្ឋហាក់មិនសូវយកចិត្តទុកដាក់ដល់តំបន់ដាច់ស្រយាល។

ទោះបីជាមន្ត្រីមូលដ្ឋានកំពុងចុះត្រួតពិនិត្យ និងផ្ដល់ជំនួយ ប៉ុន្តែត្រូវបានគេមើលឃើញថា នេះគ្រាន់តែជាការដោះស្រាយនៅចុងហេតុប៉ុណ្ណោះ។ សំណួរដែលពលរដ្ឋចង់សួរទៅកាន់រដ្ឋាភិបាលថៃគឺ៖ តើត្រូវឱ្យមានមនុស្សស្លាប់ និងផ្ទះសម្បែងខ្ទេចខ្ទីប៉ុន្មានដងទៀត ទើបប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយជាតិមានប្រសិទ្ធភាពជាងនេះ?

សោកនាដកម្មនៅឧត្តរធានី (Udon Thani) លើកនេះ គឺជាភស្តុតាងយ៉ាងច្បាស់ដែលបង្ហាញថា សុវត្ថិភាពរបស់ពលរដ្ឋក្រីក្រ ហាក់ស្ថិតនៅលំដាប់ទាបបំផុតនៃរបៀបវារៈរបស់រដ្ឋាភិបាល៕

ប្រភព៖ The Thaiger

Share.