ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តវិធានការតវ៉ាយ៉ាងតឹងរ៉ឹងចំពោះកាសែត The Wall Street Journal (WSJ) ទាក់ទិននឹងការប្រើប្រាស់ពាក្យសម្តីអគតិដែលប៉ះពាល់ដល់កិត្តិយសជាតិ បើទោះបីជាស្ថាប័នព័ត៌មានអន្តរជាតិមួយនេះ បានយល់ព្រមចុះផ្សាយលិខិតបំភ្លឺរបស់កម្ពុជាក៏ដោយ។

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កាសែត WSJ បានសម្រេចចុះផ្សាយអត្ថបទទស្សនៈ (Opinion Piece) ដោយផ្អែកលើខ្លឹមសារលិខិតរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ការចុះផ្សាយនេះ បានបើកផ្លូវឱ្យមហាជនពិភពលោកបានយល់ដឹងពីជំហរដ៏រឹងមាំ និងឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាលកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការបង្ក្រាប និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime)។




ទោះបីជាមានការសម្របសម្រួលខ្លះពីខាង WSJ ក៏ដោយ ក៏ក្រសួងព័ត៌មាននៅតែរក្សាជំហានដាច់ខាតក្នុងការទាមទារឱ្យកាសែតនេះ ដកចេញទាំងស្រុង នូវពាក្យ «Scambodia» ដែលបានប្រើនៅក្នុងចំណងជើងអត្ថបទមុន។ ក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា ការយកឈ្មោះប្រទេសដែលមានអធិបតេយ្យភាព មកលេងសើចភ្ជាប់នឹងពាក្យបង្អាប់បែបនេះ គឺជាទង្វើអគតិ និងបង្កឱ្យមានការរើសអើង។ លើសពីនេះ ការប្រើប្រាស់ភាសាបែបបង្ខូចកេរ្តិ៍ឈ្មោះជាតិ គឺជាការរំលោភលើក្រមសីលធម៌សារព័ត៌មានយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន។

គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រោយពេល WSJ ចុះផ្សាយអត្ថបទក្រោមចំណងជើងថា “How Cybercrime Became a Leading Industry in ‘Scambodia” ក្រសួងព័ត៌មានបានចេញសេចក្តីថ្លែងការណ៍ច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការប្រើប្រាស់ភាសាក្នុងសារព័ត៌មានអន្តរជាតិធំៗ គួរតែប្រកបដោយវិជ្ជាជីវៈ និងជៀសវាងការប្រើពាក្យដែលអាចនាំឱ្យមានការបកស្រាយខុសមកលើប្រជាជាតិមួយទាំងមូល។
បច្ចុប្បន្ន ក្រសួងព័ត៌មាននឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីការពារអត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាក្នុងនាមជាសមាជិកស្មើមុខស្មើមាត់នៅក្នុងសហគមន៍អន្តរជាតិ និងជាប្រទេសឈានមុខគេក្នុងតំបន់ដែលកំពុងបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែនឱ្យអស់ពីទឹកដីកម្ពុជា៕
Cambodia Is Committed to Stopping Cybercrime – WSJ

