វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានជម្លៀសចេញពីកម្មវិធីជប់លៀងអាហារពេលល្ងាចរបស់អ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីយប់ថ្ងៃសៅរ៍ (២៥ មេសា) បន្ទាប់ពីហេតុការណ៍អាវុធបានកើតឡើង។

យោងតាមការរាយការណ៍ពីភ្នាក់ងារ AFP និងសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ស្នូរផ្ទុះអាវុធប្រហែល ៥ ទៅ ៨គ្រាប់ បានបន្លឺឡើង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ភ្ញៀវកិត្តិយសរាប់រយនាក់។ ក្នុងស្ថានភាពដ៏តក់ស្លុតនោះ គេឃើញភ្ញៀវដែលស្លៀកពាក់ឈុតបុរសនារីថ្លៃថ្នូរ បាននាំគ្នាសម្រុកទៅជ្រកនៅក្រោមតុ ដើម្បីគេចពីគ្រាប់កាំភ្លើង។

ភ្លាមៗបន្ទាប់ពីមានការផ្ទុះអាវុធ ភ្នាក់ងារសម្ងាត់ (Secret Service) និងកម្លាំងយុទ្ធសាស្ត្រដែលមានប្រដាប់ដោយអាវុធគ្រប់ដៃ បានសម្រុកចូលគ្រប់គ្រងស្ថានការណ៍ និងដណ្ដើមទីតាំងនៅលើវេទិកា ដែលជាកន្លែងលោក ត្រាំ និងមន្ត្រីជាន់ខ្ពស់ដទៃទៀតអង្គុយ។ សណ្ឋាគារ Washington Hilton ដែលជាទីតាំងប្រារព្ធពិធី ត្រូវបានឡោមព័ទ្ធដោយប៉ូលីស ខណៈឧទ្ធម្ភាគចក្រហោះត្រួតពិនិត្យពីលើអាកាសយ៉ាងតឹងរ៉ឹង។

ជាមួួយគ្នា ភ្នាក់ងារសម្ងាត់បានឱ្យដឹងថា ជនសង្ស័យដែលជាអ្នកបាញ់ប្រហារត្រូវបានឃាត់ខ្លួនហើយ។ ដោយឡែកលោក ត្រាំ ត្រូវបានរាយការណ៍ថាមានសុវត្ថិភាព។ ក្នុងកម្មវិធីនោះមានការអញ្ជើញចូលរួមពី មន្ត្រីជាន់ខ្ពស់ជាច្រើនដូចជា លោកប្រធានាធិបតី ត្រាំ, អនុប្រធានាធិបតី JD Vance, រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth និងរដ្ឋមន្ត្រីក្រសួងការបរទេស Marco Rubio។

យោងតាមរូបភាពផ្សាយផ្ទាល់ពីប៉ុស្តិ៍ C-SPAN បានបង្ហាញទិដ្ឋភាពមុនពេលជម្លៀសខ្លួនបន្តិច ដោយគេសង្កេតឃើញលោកស្រី Melania Trump បង្ហាញទឹកមុខព្រួយបារម្ភយ៉ាងខ្លាំង និងហាក់ដូចជាបានក្រឡេកឃើញអ្វីមួយមិនប្រក្រតីនៅក្នុងចំណោមហ្វូងមនុស្ស។

បច្ចុប្បន្ន អាជ្ញាធរកំពុងបន្តស៊ើបអង្កេតយ៉ាងល្អិតល្អន់ជុំវិញករណីនេះ។ យើងនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានបន្ថែមទៀត នៅពេលមានការវិវត្តថ្មី៕

ប្រភព៖ CNA

Share.