គិតមកត្រឹមព្រលប់ថ្ងៃទី២៦ ខែមេសានេះ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់នៅតែបន្តស្ថិតក្រោមការយកចិត្តទុកដាក់សង្គ្រោះបន្ទាន់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំនាញៗ នៃមន្ទីរពេទ្យសាធារណរដ្ឋសង្គមនិយមវៀតណាម។




តាមអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងនាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះថា រាល់តម្រូវការសង្គ្រោះបន្ទាន់ និងការបន្តព្យាបាលលោកវរសេនីយ៍ទោ ព្រមទាំងការដោះស្រាយបញ្ហាប្រឈមផ្នែកជីវភាពរបស់ក្រុមគ្រួសារលោកផ្ទាល់ គឺបានទទួលការរ៉ាប់រង ពីឯកឧត្តមអភិសន្តិបណ្ឌិត និងក្នុងនាមក្រសួងមហាផ្ទៃ រួមទាំង ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការ ឯកឧត្តមអភិបាលនៃគណៈអភិបាល និងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ចាម។




គួរំលឹកផងដែរថា លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ត្រូវបានជនសង្ស័យម្នាក់ ប្រើអាវុធមុតស្រួចចាក់ចំភ្នែក បណ្ដាលឲ្យរងរបួសធ្ងន់ ខណ:លោកចុះអន្តរាគមន៍នៅករណីហិង្សាមួយ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ២៣:០០នាទី នៅចំណុចប្រគុំតន្ត្រីមួយកន្លែង ស្ថិតក្នុងភូមិបឹងដែង២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ការទទួលខុសត្រូវ មនោសញ្ចេតនា និងកាយវិការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ លើស្ថានភាពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីក្ដីសង្វេគ និងគោរពស្ងប់ស្ងែងក្រៃលែងចំពោះវីរភាពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដែលបានធ្វើពលិកម្មក្នុងនាមមន្ត្រីនគរបាលជាតិ ក្នុងភារកិច្ចរួមចំណែកជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមានសមត្ថកិច្ច ដើម្បីសម្រេចបុព្វហេតុធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន។
