ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឲ្យបានល្អប្រសើរ ដោយផ្តោតលើការផ្តល់សេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋឲ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព ដើម្បីជៀសវាងការបង្កបញ្ហាដែលអាចនាំឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

ការលើកឡើងនេះធ្វើឡើង នាឪកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តត្បូងឃ្មុំ សរុបប្រមាណជិត ៩០០នាក់នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ។

សម្តេចតេជោក៏បានរំលឹកឲ្យមន្ត្រីទាំងអស់បន្តរក្សាស្ថិរភាពសង្គម និងសន្តិសុខសណ្ដាប់ធ្នាប់ ដោយបន្តអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមមាន ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងជាពិសេសការបង្ក្រាបអំពើឆបោកតាមអនឡាញ (Scam Online)។

ជាមួយគ្នានេះ សម្តេចបានក្រើនរំលឹកឲ្យមន្ត្រីចៀសវាងភាពអសកម្ម និងការគៀបសង្កត់ប្រជាពលរដ្ឋ ព្រមទាំងបញ្ជាក់ថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជនទេ តែជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន។ សម្តេចក៏បានអំពាវនាវឲ្យជៀសវាងបាតុភូតប្ដីស័ក្ដិ៣ ប្រពន្ធស័ក្ដិ៤ កូនស័ក្ដិ៥ ដែលអាចបង្កបញ្ហាក្នុងមូលដ្ឋាន៕

អត្ថបទ÷អាចារ្យលាក់

Share.