ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងកំពុងបញ្ជាចរាចរណ៍លើដងផ្លូវ ស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលដល់សមត្ថកិច្ចជំនាញបញ្ចេញរថយន្តមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។
ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៦:៥០នាទីយប់ ថ្ងៃទី ២៦ខែមេសាឆ្នាំ២០២៦ ស្ថិតនៅលើបណ្ដោយផ្លូវទ្រុងមាន់ ចំណុចក្បែរស្តុបណតប្រ៊ីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។



បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ តាកែវ 3A-4624 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់ទិសដៅពីត្បូងទៅជើង ខណៈពេលបើកមកដល់ចំណុចកើតហេតុក្បែរនឹងស្តុបណតប្រ៊ីត ស្រាប់តែឆេះផ្នែកពីខាងក្រោមមុន រួចបន្តឆេះរាលដាលយ៉ាងសន្ធោសន្ធៅ។ ភ្លាមនោះដែរ តៃកុងរថយន្តរួមទាំងប្រជាពលរដ្ឋក្បែរខាង នាំគ្នាទាញបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ទប់ស្កាត់ តែទោះជាយ៉ាងណាអណ្ដាតភ្លើងនៅតែបន្តឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះពួកគេក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គិភ័យមកជួយបន្ទាន់។
ក្រោយមកកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តទៅជួយបាញ់ពន្លត់អោយរលត់ទៅវិញ ដោយប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿង តែមិនបង្កអោយមានអ្នករងរបួសនេះទេ ខូចខាតតែរថយន្តតែប៉ុណ្ណោះ។
អត្ថបទ៖ សេង សាវី

