រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះបងប្អូនកម្មករ និយោជិត និងនិយោជកទាំងអស់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»

នៅក្នុងសារលិខិតនោះ សម្តេចធិបតីបានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ លើការងារអាទិភាពចំនួន ៥ ចំណុច៖

១. ការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ

ទោះបីជាសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ បានងើបឡើងវិញក្នុងអត្រាប្រមាណ ,២% ហើយត្រូវបានព្យាករថានឹងបន្តរក្សាកំណើនខ្ពស់ក្នុងឆ្នាំ២០២៦។ ជាក់ស្តែង ក្នុងរយៈពេលតែ ២ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ១០៥ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៩៦៦ លានដុល្លារ ដែលបង្កើតការងារបន្ថែមរាប់ម៉ឺនកន្លែង។

២. ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ

រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូប ដល់ចំនួន ២១០ ដុល្លារអាមេរិក ក្នុងមួយខែ។ បូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករម្នាក់ៗអាចទទួលបានចំណូលចន្លោះពី ២២៩ ដល់ ២៤០,៥ ដុល្លារ ក្នុងមួយខែ។

៣. ការពង្រឹងប្រព័ន្ធគាំពារសង្គម (ប.ស.ស)

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ សមាជិក ប.ស.ស. បានកើនឡើងដល់ប្រមាណ ,៦ លាននាក់។ រាជរដ្ឋាភិបាលក៏បានបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលមានចំនួនសរុបជាង ១៥ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍ផ្ទាល់។

៤. សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ

សម្តេចធិបតីបានលើកឡើងពីភាពរីកចម្រើននៃសេរីភាពអង្គការវិជ្ជាជីវៈ ដែលបច្ចុប្បន្នមានអង្គការវិជ្ជាជីវៈចុះបញ្ជីសរុបចំនួន ៦ ៩២០ ក្នុងនោះរួមមានសហជីពមូលដ្ឋានជិត ៧ពាន់ និងសមាគមនិយោជកចំនួន ១៣១។ យន្តការដោះស្រាយវិវាទការងារត្រូវបានពង្រឹង ដោយមានអត្រាជោគជ័យនៃការផ្សះផ្សារហូតដល់ ៩៧,៩២%

៥. ការយកចិត្តទុកដាក់លើពលករក្រៅប្រទេស

រាជរដ្ឋាភិបាលមិនត្រឹមតែយកចិត្តទុកដាក់លើកម្មករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសម្របសម្រួលដល់បងប្អូនពលករខ្មែរនៅក្រៅប្រទេសប្រមាណ ៩៦ម៉ឺននាក់ ឱ្យទទួលបានការការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងការសម្រួលនីតិវិធីឆ្លងដែនក្នុងឱកាសបុណ្យទាននានាឱ្យបានងាយស្រួល និងឆាប់រហ័ស។

ជាទីបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអនុវត្តអនុសាសន៍ទាំង ១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន និងអនុសាសន៍បន្ថែមរបស់សម្តេចផ្ទាល់ ដើម្បីធានាបាននូវសុខដុមរមនានៅក្នុងរោងចក្រ សហគ្រាស និងការអភិវឌ្ឍសង្គមជាតិប្រកបដោយនិរន្តរភាព៕

អត្ថបទ៖ត្រយង

Share.