តាកែវ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៣ៈ៣០នាទី មានករណីអំពើលួចទូក និងម៉ាស៊ីនមួយកើតឡើង នៅចំណុចត្រើយខាងកើត ភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

តាមព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខែម សីហា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាក់ដៃ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ បានធ្វើសកម្មភាពលួចទូក និងម៉ាស៊ីនរបស់ប្រជាពលរដ្ឋ។

ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម កម្លាំងនគរបាលស្រុកអង្គរបូរី ក្រោមការបញ្ជារបស់លោកអធិការបានចុះស្រាវជ្រាវ និងសាកសួរយ៉ាងយកចិត្តទុកដាក់។ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១ៈ២០នាទី សមត្ថកិច្ចបានកំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យបានជោគជ័យ នៅចំណុចភូមិបាក់ដៃ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងពាក់ព័ន្ធ និងនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

អត្ថបទ៖ ចតុម្មុខ

Share.