ផ្លូវការហើយ ចំពោះដំណើរទៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់កម្រិតទី៣ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាល​ឆ្នាំ​២០២៥-២៦ ដោយក្រុមព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា នឹងត្រៀចេញទៅប្រទេសគុយវ៉ែត ដើម្បី​ដណ្តើម​ជើងឯកទល់នឹងម្ចាស់ផ្ទះ Kuwait SC នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។

ពេលនេះសារព័ត៌មានត្រយង សូមលើកយករឿងសំខាន់ៗមួយចំនួនអំពីប្រទេសគុយវ៉ែត មកជម្រាបជូន​ប្រិយមិត្ត ដូច​ត​ទៅ៖

ទី១) ព័ត៌មានទូទៅ និងល្វែងម៉ោង

នៅប្រទេសគុយវ៉ែត គឺប្រើម៉ោង AST (Arabia Standard Time) ដែលម៉ោងនោះគឺយឺតជាង​កម្ពុជា ចំនួន៤ ម៉ោង ឧទាហរណ៍ថា​ប្រសិនបើ​នៅកម្ពុជា ម៉ោង ៧:០០ យប់ នោះនៅប្រទេស​គុយវ៉ែត គឺម៉ោង ៣:០០ រសៀល។

ចំពោះចម្ងាយពីកម្ពុជា គិតតាមចម្ងាយ​ផ្លូវអាកាសពីភ្នំពេញ ទៅកាន់​ទីក្រុងគុយវ៉ែត មានប្រវែង​ប្រហែល ៦,៥០០ ទៅ ៦,៧០០ គីឡូម៉ែត្រ ដោយការ​ហោះហើរត្រង់ ហើយអាច​ចំណាយ​ពេល​ប្រហែល ៨ទៅ៩ ម៉ោង ប៉ុន្តែជា​ទូទៅ​ត្រូវឆ្លង​កាត់ប្រទេស​ផ្សេង ដោយ​ត្រូវចំណាយពេល​សរុប​ចន្លោះ​ពី ១២ទៅ១៥ ម៉ោង។

ទី២) អាកាសធាតុ

សម្រាប់អាកាសធាតុនៅប្រទេសគុយវ៉ែត មានភាពខុសគ្នាខ្លាំងជាមួយកម្ពុជា ដោយនៅរដូវក្តៅ គឺ​រាប់ចាប់​ពីខែ​មេសា ដល់ខែតុលា អាកាសធាតុមានភាពក្ដៅខ្លាំង និងស្ងួត ខណៈសីតុណ្ហភាព​ជាមធ្យម​ចន្លោះពី ៤០°C ទៅ ៤៧°C ហើយជួនកាលអាចឡើងដល់ ៥០°C ថែមទៀតផង។ ចំពោះរដូវរងា គឺរាប់ចាប់ពី​វិច្ឆិកា ដល់ខែមីនា ខណៈសីតុណ្ហភាពពេលថ្ងៃចន្លោះពី ១៨°C ទៅ ២៥°C ។

ទី៣) កីឡដ្ឋាន Jaber Al-Mubarak Stadium

ក្រុម Kuwait SC នឹងប្រើប្រាស់កីឡដ្ឋាន Jaber Al-Mubarak Stadium ធ្វើជាទីតាំងការ​ប្រកួតវគ្គ​ផ្តាច់ព្រ័ត្រ ទល់​នឹង​ក្រុមមកពីកម្ពុជា ព្រះខ័នរាជស្វាយរៀង ស្របពេល​កីឡដ្ឋាននោះ​ជាកីឡដ្ឋាន​សំខាន់មួយនៅគុយវ៉ែត សម្រាប់រៀបចំ​​ព្រឹត្តិការណ៍​កីឡាក្នុង​ស្រុកនានា ហើយអាចផ្ទុកទស្សនិកជន​ចូលទស្សនាផ្ទាល់បានចំនួន១៥,០០០ នាក់។

ទី៤) ក្លិប Kuwait SC

មិនអាចមើលរំលងបានឡើយ ក្រោមមកពី​តំបន់អាស៊ីខាងលេចមួយនេះមានប្រវត្តមិនធម្មតា ពោលគឺធ្លាប់គ្រង​ជើងឯក​ពានរង្វាន់លីគកំពូល ចំនួន២០លើក ពោលគឺរាប់តាំងពីឆ្នាំ ១៩៦៤ ដល់ឆ្នាំ២០២៦ នេះ។ ខណៈ ពានរង្វាន់នៅអន្តរជាតិ Kuwait SC ធ្លាប់គ្រងជើងឯកពានរង្វាន់ AFC Cup បានចំនួន ៣លើកថែម​ទៀត​ផង ដែលបច្ចប្បន្នពានរង្វាន់ប្រចាំទ្វីបមួយនោះ​មានឈ្មោះថា AFC Champions League Two ដោយឈ្នះ លើក​ដំបូង​នៅឆ្នាំ២០០៩, លើកទី២ នៅឆ្នាំ២០១២ និងលើកទី៣ នៅឆ្នាំ២០១៣ ៕

Share.