ក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានក្លាយជាដាវមុខពីរ។ ទន្ទឹមនឹងភាពងាយស្រួលក្នុងការរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច យើងក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំមួយ គឺបទល្មើសបច្ចេកវិទ្យា ជាពិសេសគឺ “ការឆបោកតាមប្រព័ន្ធអនឡាញ” (Online Scams)។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់ទ្រព្យសម្បត្តិបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះ និងសន្តិសុខសណ្តាប់ធ្នាប់របស់ប្រទេសជាតិយើងទៀតផង។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ និងយុទ្ធនាការបោសសម្អាតបទល្មើសអនឡាញគ្រប់រូបភាពយ៉ាងសកម្ម។ ទោះជាយ៉ាងណា កិច្ចការដ៏ធំធេងនេះមិនអាចសម្រេចបានជោគជ័យពេញលេញត្រឹមតែការខិតខំរបស់ស្ថាប័នសមត្ថកិច្ចតែម្យ៉ាងនោះទេ ប៉ុន្តែវាទាមទារជាចាំបាច់នូវ “កម្លាំងសាមគ្គីភាព” ពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប។

ជាការកត់សម្គាល់ ខណៈដែលមជ្ឈដ្ឋានពីខាងក្រៅមួយចំនួនដែលមានទាំងប្រទេស ស្ថាប័នរួមទាំងអង្គភាពសារព័ត៌មានផងនោះ បាននិងកំពុងតែចង្អុលនិងចោទប្រកាន់មកកម្ពុជាថា ជាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងអយុត្តិធម៌នោះ យើងសង្កេតឃើញសាធារណមតិនៅក្នុងស្រុកមួយចំនួនក៏ហាក់ដូចជាយល់ស្របចំពោះការលាបពណ៌ទាំងនោះ និងបានចូលរួមស្តីបន្ទោសរហូតដល់វាយប្រហារថា រាជរដ្ឋាភិបាល គ្មានសមត្ថភាពក្នុងការលុបបំបាត់បញ្ហាសកលមួយនេះថែមទៀតផង។

យើងគប្បីទទួលស្គាល់ថា បញ្ហា Online Scams នេះ គឺជាបញ្ហាសកល ដែលមាន      បណ្តាញចាត់តាំងនិងទំនាក់ទំនងនៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ហើយមិនមែនកម្ពុជាជាមជ្ឈមណ្ឌលនោះឡើយ។កម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះដូចបណ្តា ប្រទេសនានាតែប៉ុណ្ណោះ។អ្វីដែលគួរឲ្យអស់សំណើចនោះគឺប្រទេសដែលធ្លាប់ចង្អុលមកកម្ពុជាថា ជាទីតាំងឆបោកអនឡាញនោះ នៅប្រទេសរបស់ខ្លួនក៏មានសេចក្តីរាយការណ៍ជាបន្តបន្ទាប់អំពីការបង្ក្រាបបានបទល្មើសឆបោកតាមបច្ចេកវិទ្យានេះក្នុងទំហំ ទឹកប្រាក់រហូតដល់ខ្ទង់រាប់សិបលានដុល្លារផងដែរ។

ហេតុអ្វីបានជាយើងត្រូវចូលរួមគាំទ្រយុទ្ធនាការនេះ?

១. កិច្ចការពារសន្តិសុខសេដ្ឋកិច្ចគ្រួសារ៖ រាល់ការទប់ស្កាត់បាននូវករណីឆបោកមួយ គឺជាការជួយការពារទ្រព្យសម្បត្តិ ដែលជាញើសឈាមរបស់ប្រជាពលរដ្ឋយើងគ្រប់រូប។ ក្នុងន័យនេះ ការយល់ដឹងអំពីល្បិចកលជនខិលខូច គឺជាខែលការពារដ៏រឹងមាំបំផុត។

២. ការលើកកម្ពស់មុខមាត់ប្រទេសជាតិ៖ កម្ពុជាដែលគ្មានបទល្មើសអនឡាញ គឺជាប្រទេសដែលផ្តល់ទំនុកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ។ ការរួមគ្នាបង្ក្រាបបទល្មើសនេះ នឹងជួយឱ្យពិភពលោកមើលឃើញពីភាពស្អាតស្អំ និងការប្តេជ្ញាចិត្តពិតប្រាកដរបស់កម្ពុជាក្នុងការអនុវត្តច្បាប់។

៣. ការកសាងសង្គមឌីជីថលដែលមានសុវត្ថិភាព៖ ដើម្បីដើរឱ្យទាន់ការវិវត្តនៃពិភពលោក យើងត្រូវកសាងបរិយាកាសអនឡាញមួយដែលប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពសម្រាប់កូនចៅយើងជំនាន់ក្រោយ។

តើយើងអាចចូលរួមចំណែកយ៉ាងដូចម្តេចខ្លះ?

ក្នុងនាមជាពលរដ្ឋម្នាក់ យើងអាចធ្វើជា “ភ្នាក់ងារសន្តិសុខ” ដោយខ្លួនឯងតាមរយៈ៖

  • ការបង្កើនការប្រុងប្រយ័ត្ន៖ មិនត្រូវជឿលើការសន្យាផ្តល់រង្វាន់ ការវិនិយោគដែលទទួលបានចំណេញខ្ពស់ខុសធម្មតា ឬការបំភិតបំភ័យតាមរយៈទូរស័ព្ទ និងបណ្តាញសង្គម។
  • ការចែករំលែកចំណេះដឹង៖ ប្រាប់បងប្អូន មិត្តភក្តិ និងមនុស្សចាស់ក្នុងគ្រួសារអំពីល្បិចកលរបស់ពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
  • ការសហការជាមួយសមត្ថកិច្ច៖ នៅពេលជួបករណីសង្ស័យ ឬក្លាយជាជនរងគ្រោះ ត្រូវហ៊ានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីផ្តល់តម្រុយក្នុងការឈានទៅបង្ក្រាបមេខ្លោង។

ជារួមមកវិញ ការប្រយុទ្ធប្រឆាំងនឹង Online Scams មិនមែនជាបន្ទុករបស់អាជ្ញាធរតែម្នាក់ឯងនោះទេ វាគឺជាកាតព្វកិច្ចរួមរបស់ពលរដ្ឋគ្រប់រូប។ នៅពេលដែលយើងម្នាក់ៗមានការយល់ដឹងខ្ពស់ និងផ្តល់ការគាំទ្រយ៉ាងសកម្មដល់យុទ្ធនាការរបស់រាជរដ្ឋាភិបាល នោះយើងនឹងអាចកសាងសង្គមឌីជីថលមួយដែលមានសុវត្ថិភាព ថ្លៃថ្នូរ និងមានភាពស្អាតស្អំសម្រាប់ទាំងអស់គ្នា៕

Share.