បន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញមួយកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំនគរបាលជាតិ និងសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ទីតាំងដែលត្រូវបានឆែកឆេរ គឺអគារផ្ទះ៣ល្វែង កម្ពស់៣ជាន់ មាន២២បន្ទប់ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត។ ក្នុងនោះ សមត្ថកិច្ចបានរកឃើញសម្ភារៈសម្រាប់ប្រព្រឹត្តបទល្មើសអនឡាញជាច្រើន រួមមានទូរស័ព្ទដៃ និងកុំព្យូទ័រ មិនទាន់រាប់ចំនួននៅឡើយ។

តាមព័ត៌មានបឋម សមត្ថកិច្ចបានរកឃើញជនបរទេសមួយចំនួន ក្នុងនោះមានស្ត្រីផងដែរ។ បច្ចុប្បន្ន ជនបរទេសទាំងអស់កំពុងសាកសួរ ខណៈវត្ថុតាងកំពុងបន្តរាប់ និងចាត់ការតាមនីតិវិធី។

អត្ថបទ÷បន្ទាយមានជ័យ

Share.