ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់រថយន្តដឹកសំរាមបន្ថែមចំនួន១០គ្រឿងទៀត ដល់ក្រសួងបរិស្ថានកម្ពុជា ដែលជាជំនួយលើកទី៣ ធ្វើឱ្យចំនួនរថយន្តជំនួយសរុបកើនដល់៣០គ្រឿង ដើម្បីពង្រឹងការគ្រប់គ្រងសំរាម និងកាកសំណល់នៅកម្ពុជា។




ពិធីប្រគល់ និងទទួលជំនួយនេះ បានរៀបចំឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ដោយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Ueno Atsushi ប្រគល់ជូនក្រសួងបរិស្ថាន។




ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ចំពោះការគាំទ្រជាបន្តបន្ទាប់ និងចាត់ទុកជំនួយនេះថា មានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រងកាកសំណល់នៅថ្នាក់ក្រោមជាតិ។
រថយន្តដឹកសំរាមទាំងនេះ នឹងត្រូវបែងចែកទៅតាមបណ្ដាខេត្តនានា ដើម្បីជួយអាជ្ញាធរមូលដ្ឋានបង្កើនប្រសិទ្ធភាពប្រមូល និងទុកដាក់សំរាមឱ្យកាន់តែល្អប្រសើរ។




ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ គាំទ្រយុទ្ធសាស្ត្របរិស្ថានរបស់កម្ពុជា ឆ្ពោះទៅកាន់គោលដៅ «ស្អាត បៃតង និងចីរភាព» ព្រមទាំងជំរុញការកាត់បន្ថយសំណល់ប្លាស្ទិក និងការពារបរិស្ថានរយៈពេលវែង។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានព្រមានថា ប្រតិបត្តិករប្រមូលសំរាមណា ដែលដុតសំរាម ឬបណ្ដោយឱ្យមានភ្លើងឆេះនៅទីតាំងចាក់សំរាម នឹងប្រឈមការផ្តន្ទាទោសតឹងរ៉ឹង រួមទាំងការដកហូតអាជ្ញាប័ណ្ណផងដែរ៕
អត្ថបទ៖ ចតុម្មុខ

