បាត់ដំបង ៖ ក្រុមការងារជញ្ជីងចល័តចម្រុះ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅលើផ្លូវជាតិលេខ៥៧ ចន្លោះគីឡូម៉ែត្រលេខ២០ និង២១ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយដឹកនាំផ្ទាល់ពី ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ។

ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន១៣គ្រឿង ក្នុងនោះរកឃើញយានយន្តដឹកលើសទម្ងន់ចំនួន៣គ្រឿង ដែលមានឡូហ្គូអក្សរ K, KH និង DN។ យានយន្តទាំងនេះ ផ្ទុកលើសទម្ងន់អនុញ្ញាតចន្លោះពី១០តោន ដល់២៧តោន ឬស្មើនឹង២៨ភាគរយ ដល់៦៨ភាគរយ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្ត និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ឱ្យគោរពច្បាប់ និងប្រើប្រាស់តម្រាយផ្លូវអនុញ្ញាតឱ្យបានត្រឹមត្រូវ។

ក្រសួងបញ្ជាក់ថា ក្រុមការងារជញ្ជីងចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់បទល្មើស និងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែងឡើយ៕

អត្ថបទ÷ចតុម្មុខ

Share.