ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបញ្ជូនព័ត៌មានពាក់ព័ន្ធករណីបុគ្គលម្នាក់រងការចោទប្រកាន់ថាបោកប្រាស់ប្រាក់ពីប្រជាពលរដ្ឋរឿងរត់ការចូលក្របខ័ណ្ឌនគរបាល ទៅអង្គភាពមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវអត្តសញ្ញាណ និងអង្គហេតុឱ្យបានច្បាស់លាស់។

ចំពោះករណីនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានប្រាប់មកកាន់អង្គភាពសារព័ត៌មានត្រយង ថា «ក្រសួង បានបញ្ជូនព័ត៌មាននេះ ទៅអង្គភាពមានសមត្ថកិច្ច ស្រាវជ្រាវអត្តសញ្ញាណ និងអង្គហេតុ ឱ្យបានច្បាស់លាស់។ ទន្ទឹមនេះ ក្រសួង សូមលើកទឹកចិត្តដល់ភាគីរងគ្រោះ អាចផ្ដល់ព័ត៌មានលម្អិតបន្ថែមទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឬអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដើម្បីកាន់តែមានមូលដ្ឋាន ពិនិត្យទិដ្ឋភាពច្បាប់។ សូមបញ្ជាក់ថា ការរត់ការចូលក្របខ័ណ្ឌគឺជាទង្វើខុសច្បាប់ ផ្ទុយពីគោលការណ៍ជ្រើសរើសក្របខ័ណ្ឌតាមតែការប្រឡងតែប៉ុណ្ណោះ។»


សូមបញ្ជាក់ថា ករណីខាងលើនេះ មានការចាប់អារម្មណ៍ពីសាធារណជនក្រោយមានការចែករំលែកលើបណ្តាញសង្គម ដោយប្រជាពលរដ្ឋម្នាក់នៅខេត្តកំពត អះអាងថា បានប្រគល់ប្រាក់សរុប ៣២,៥០០ ដុល្លារ ទៅឱ្យបុរសម្នាក់ដែលមានងារជាសមត្ថកិច្ច ដើម្បីរត់ការចូលបម្រើការងារក្នុងក្របខ័ណ្ឌនគរបាល៕

