នៅក្នុងអំឡុងពេលនៃកម្មវិធីចូលឆ្នាំក្នុងប្រទេសថៃ ថៃបានអួតអាងច្រើនពីចំនួនភ្ញៀវទេសចរណ៍ដែលបានធ្វើដំណើរទៅកាន់ប្រទេសនេះដើម្បីចូលរួមលេងបាញ់ទឹក និងបាតម្សៅ ប៉ុន្តែអំនួតនិងក្ដីរីករាយក្នុងពិធីសង្ក្រាន្តក្នុងប្រទេសថៃដូចជាមានរយៈពេលខ្លីដែរ ព្រោះតែមានលេចចេញករណីអវិជ្ជមានជាច្រើន ដូចជាឧប្បត្តិហេតុ និងគ្រោះថ្នាក់ផ្សេងៗ ពិសេសការ ឆបោក លួច និងបង្កជារបួសស្នាមដល់ភ្ញៀវទេសចរ។

អ្វីដែលកាន់តែស្លុតចិត្តនោះគឺមានស្ត្រីវ័យក្មេងម្នាក់បានចេញមកប្រកាសថាខ្លួនត្រូវថ្នាំសំរើប ដោយដាក់ការសង្ស័យថាបណ្ដាលមកពីកាំភ្លើងបាញ់ទឹក ដែលរឿងនេះបានក្លាយជាប្រធានបទក្ដៅនិង Talk of The Town មានការផ្សព្វផ្សាយទាំងបណ្ដាញសារព័ត៌មានចិន និងប្រជាជនចិនបានលើកយកទៅបង្ហោះពិភាក្សាយ៉ាងផុសផុល ដែលធ្វើឱ្យម្នាក់ៗរាងញញើតសម្រាប់ការធ្វើដំណើរទៅកម្សាន្តនៅប្រទេសថៃ។
កាន់តែក្ដៅគគុក និងបង្កជាក្ដីបារម្ភកាន់តែខ្លាំង រហូតដល់ថ្នាក់រដ្ឋមន្ត្រីការបរទេសចិន បានដាក់សម្ពាធឱ្យថៃត្រូវតែរួមដៃជាមួយចិនដើម្បីបង្ក្រាបបោសសំអាតស្កេមម័រទ្រង់ទ្រាយធំ នោះក៏ព្រោះថៃប្រឹងផ្សាយថាខ្លួនបានសំអាតសំបុកស្កេមប្រកបដោយជោគជ័យច្រើន តែដំណឹងនៃការចាញ់បោករបស់ជនជាតិចិន នៅតែមានច្រើនគួរឱ្យបារម្ភ ដូចករណីថ្មីៗនេះមាននិស្សិតចិនម្នាក់ដែលមកដើរលេងប្រទេសថៃ បែរជាលង់ខ្លួនចាញ់ល្បិចល្បួងលួងលោមរបស់ក្រុមឧក្រិដ្ឋជន ហើយត្រូវបានគេចាប់ពង្រត់ និងបានលក់បន្តទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
សុបិនអាក្រក់របស់យុវតីរូបនេះ ដែលអាចហៅថាប្រៀបដូចជាចុះនរកទាំងរស់ ក៏ព្រោះតែគ្រួសាររបស់នាងបានបង់ប្រាក់រហូតដល់ជាង២០ម៉ឺនយន់ (ប្រមាណ៣ម៉ឺនដុល្លារ) ជាថ្នូរនឹងសេរីភាពកូនស្រី តែទោះជាបានប្រាក់ដល់ដៃហើយ ក៏ក្រុមជនល្មើសមិនបានដោះលែងនារីរងគ្រោះឡើយ ហើយនៅតែបន្តបង្ខាំងនាងទុក ក្រោមហេតុផលផ្សេងៗ។
វាកាន់តែប៉ះពាល់ដល់វិស័យទេសចរណ៍នៅអាស៊ីអាគ្នេយ៍ និងបង្កជាភាពស្មុគស្មាញកាន់តែខ្លាំង ដោយសារតែបណ្ដាញឆបោកបានប្រើប្រាស់រូបិយបណ្ណឌីជីថល សម្រាប់ទារប្រាក់លោះ ដើម្បីគេចផុតពីការតាមដានរបស់ច្បាប់ ជាហេតុធ្វើឱ្យការបង្ក្រាបកាន់តែងងឹតដូចរាវម្ជុលក្នុងបាតសមុទ្រ។
យុវតីដែលកំពុងតែត្រូវបានចាប់បង្ខាំងមានឈ្មោះ Xiao Yang ជានិស្សិតស្រីឆ្នាំទី១ នៅសាកលវិទ្យាល័យមួយក្នុងខេត្តក្វាងទុង។ នេះបើយោងតាមការផ្សាយដោយសារព័ត៌មានចិន។ នាងបានហោះចេញពីព្រលានយន្តហោះអន្តរជាតិក្វាងចូវប៉ៃយូន កាលពីថ្ងៃទី១០ ខែមេសា ដោយមានគម្រោងត្រឡប់មកវិញនៅថ្ងៃទី១៥ ខែមេសា។ ទោះយ៉ាងណា ភ្លាមៗក្រោយពេលមកដល់ប្រទេសថៃ នាងមិនបានជួបមិត្តភក្តិដែលបានអញ្ជើញនាងដូចការរំពឹងទុកនោះទេ។ ផ្ទុយទៅវិញ នាងត្រូវបានជនមិនស្គាល់មុខមួយក្រុមនាំខ្លួនទៅកន្លែងផ្សេង។
ត្រឹមតែពីរថ្ងៃក្រោយមក Xiao Yang ត្រូវបានគេនាំឆ្លងកាត់ព្រំដែនទៅកាន់តំបន់ងងឹតមួយនៅជាប់ព្រំដែនភូមា។ តាមការសង្ស័យនាងត្រូវបានលក់បន្តទៅឱ្យបណ្តាញឧក្រិដ្ឋជននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ រហូតកាលពីថ្ងៃទី១៣ ខែមេសា ឪពុករបស់ Xiao Yang បានទទួលទូរស័ព្ទពីបុគ្គលម្នាក់ដែលអះអាងថា បានទិញកូនស្រីរបស់គាត់ក្នុងតម្លៃ ២៩,០០០ Stablecoins (ស្មើនឹងប្រហែល ៣០,០០០ ដុល្លារ)។
ជននោះបានគំរាមថា បើមិនបង់ប្រាក់លោះជាបន្ទាន់ទេ Xiao Yang នឹងត្រូវលក់បន្តទៅកន្លែងផ្សេង ឬអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។ ក្រុមឧក្រិដ្ឋជនក៏បានព្រមាននាងមិនឱ្យគ្រួសារប្តឹងប៉ូលីសដាច់ខាត។ ដោយភាពភ័យស្លន់ស្លោ ឪពុករបស់នាងបានប្រមូលប្រាក់យ៉ាងលឿនបំផុត ហើយផ្ទេរទៅឱ្យក្រុមឧក្រិដ្ឋជននៅថ្ងៃតែមួយ។
ប៉ុន្តែការសន្យាដោះលែងបានប្រែក្លាយជាការបោកប្រាស់ដោយក្រុមឧក្រិដ្ឋជនបានពន្យារពេលម្តងហើយម្តងទៀត ដោយលើកហេតុផលផ្សេងៗ រួមមានការបិទផ្លូវក្នុងឱកាសបុណ្យសង្រ្កាន្ត និងបញ្ហានីតិវិធីរដ្ឋបាល។ លុះមកដល់ត្រឹមថ្ងៃទី២២ ខែមេសា Xiao Yang នៅតែត្រូវបានឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលមួយនៅលើទឹកដីមីយ៉ាន់ម៉ា ទោះបីជានាងនៅតែអាចទាក់ទងគ្រួសារតាមទូរស័ព្ទដៃក៏ដោយ ប៉ុន្តែទីតាំងពិតប្រាកដ និងស្ថានភាពសុវត្ថិភាពរបស់នាងនៅតែជាអាថ៌កំបាំង និងបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ក្រុមគ្រួសារ។
ជារួមករណី Xiao Yang នៅតែបន្តត្រូវបានតាមដាន ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានសញ្ញាណាមួយបង្ហាញថានាងនឹងត្រូវដោះលែងនៅពេលណានោះទេ៕

