ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណែនាំដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ ឱ្យបង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រផ្លូវការរបស់អង្គភាពខ្លួន។

ការបង្កើតផេកនេះ មានគោលបំណងត្រៀមលក្ខណៈឆ្លើយតប និងធ្វើបច្ចុប្បន្នភាពព័ត៌មានជូនបុគ្គលពាក់ព័ន្ធ ឬសាធារណជន នៅពេលមានរឿងហេតុណាមួយកើតឡើង។
ជាមួយគ្នានេះ រដ្ឋបាលរាជធានី/ខេត្ត និងស្នងការដ្ឋាននគរបាលទូទាំងប្រទេស ក៏ត្រូវបានណែនាំឱ្យរៀបចំបង្កើតផេកបែបនេះដូចគ្នា ប្រសិនបើមិនទាន់មាននៅឡើយ ព្រមទាំងត្រូវមានក្រុមការងារទទួលបន្ទុកឆ្លើយតបឱ្យបានរហ័ស។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ការរៀបចំបែបនេះ គឺដើម្បីបង្កើតភាពច្បាស់លាស់ ដាច់ដោយឡែកពីផេកផ្លូវការដែលផ្សព្វផ្សាយព័ត៌មានទូទៅ។ ឯកឧត្តម ចាត់ទុកផេក និងក្រុមការងារនេះ ជាក្រុមជួរមុខ ក្នុងការជួយសម្រាល និងបញ្ចប់ក្ដីមន្ទិលរបស់អ្នកពាក់ព័ន្ធ ឬសាធារណជន ជាពិសេសនៅពេលមានហេតុការណ៍ដែលទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីមហាជន៕

