មកសម្ងំនៅទ្រនំសុខក្នុងប្រទេសថៃ មួយរយៈបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ ត្រូវអាជ្ញាធរថៃចាប់ឃាត់ខ្លួន តាមសំណើររបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បន្ទាប់ពីរកឃើញថា បុគ្គលនេះគឺជាមេខ្លោងនៅពីក្រោយការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ ដែលបង្កការខូចខាតដល់ពលរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ប្រមាណ ១០ លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post។

តាមការស៊ើបអង្កេត ជនសង្ស័យវ័យ ៣៣ ឆ្នាំរូបនេះ បានប្រើប្រាស់យុទ្ធសាស្ត្រដាក់អន្ទាក់ស្នេហ៍ និងការវិនិយោគក្លែងក្លាយដោយជួលក្រុមម៉ូដែលឱ្យទាក់ទាញជនរងគ្រោះតាមរយៈ៖ មួយ ការខលជាវីដេអូ ពីរ កម្មវិធីស្វែងរកគូស្រករ និងទីបី បណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត។ ជនសង្ស័យរូបនេះបានធ្វើប្រតិបត្តការចេញពីទីក្រុងឌូបៃ សហរដ្ឋអាមេរិក ក៏ដូចជាប្រើប្រាស់តំបន់អាស៊ីអាគ្នេយ៍ធ្វើជាមូលដ្ឋានសម្រាប់លាងលុយកខ្វក់។

បន្ទាប់ពីទទួលបានសំណើររបស់ FBI អាមេរិក កម្លាំងប៉ូលីសអន្តោប្រវេសន៍ថៃចាំបាច់ត្រូវតែដុតដៃដុតជើងធ្វើការកិច្ចការងារនេះជាចាំបាច់ ពួកគេបានឆ្មក់ចូលចាប់ខ្លួនជនសង្ស័យនៅរីសតប្រណីតមួយក្នុងខេត្តភូកេត កាលពីថ្ងៃសុក្រសប្តាហ៍មុន ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងថា ជនសង្ស័យខាងលើបានចាកចេញពីឌូបៃចូលមកកាន់ប្រទេសថៃ។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃុំខ្លួននៅទីក្រុងបាងកក ដើម្បីរង់ចាំនីតិវិធីធ្វើបត្យាប័នរួចបញ្ចួលខ្លួនទៅកាត់ទោសនៅសហរដ្ឋអាមេរិក។

ដោយឡែកយោងតាមរបាយការណ៍ឆ្នាំ ២០២៥ របស់អង្គការសហប្រជាជាតិ តំបន់អាស៊ីអាគ្នេយ៍ បានក្លាយជាមជ្ឈមណ្ឌលនៃក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា ដែលប្រើប្រាស់កាស៊ីណូ និងសណ្ឋាគារធ្វើជាទីតាំងបង្កប់ខ្លួន។ របាយការណ៍មួយនោះក៏បានព្រមានផងដែរថា ក្រៅពីទីក្រុងបាងកក និងតំបន់អាស៊ីអាគ្នេយ៍ ទីក្រុងឌូបៃ ក៏កំពុងក្លាយជាចំណុចតភ្ជាប់ថ្មី សម្រាប់ការជ្រើសរើសមនុស្ស និងការលាងលុយដែលបានមកពីការបោកប្រាស់តាមអ៊ីនធឺណិតជុំវិញពិភពលោក៕

Share.